(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ បានទម្លាយនូវអាថ៌កំបាំងនៃការសិក្សាស្រាវជ្រាវមួយ ដែលរកឃើញថា នៅគ្រប់ទីកន្លែងអត្រាស្ត្រីគាំទ្រ និងបោះឆ្នោតជូនសម្តេច មានអត្រាខ្ពស់ជាងបុរស។

សម្តេចបន្ថែមថា ការសិក្សាស្រាវជ្រាវនេះ ធ្វើឡើងជាញឹកញាប់ ដោយក្រុមជំនាញបរទេស បែងចែកទៅតាមតំបន់ផ្សេងៗគ្នា។

សម្តេចបញ្ជាក់ថា ការស្រាវជ្រាវនេះ មានការស្ទង់មតិទៅតាមតំបន់ ដែលអាចមានខ្ពស់ទាប ប៉ុន្តែគ្រប់ទីកន្លែង អត្រាពេញចិត្តសម្តេច គឺស្ត្រីមានច្រើនជាងបុរស។ សម្តេចបញ្ជាក់ថា ការគាំទ្រច្រើននេះ មិនមែនភាពសង្ហារបស់សម្តេចនោះទេ ប៉ុន្តែអាចមកពីស្ត្រី អាចទទួលផលប្រយោជន៍ច្រើន ពីសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រទេសរបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលសង្គ្រាមស្ត្រីឈឺចាប់ជាងគេ បើទោះបីស្ត្រីមិនបានចូលរួមប្រយុទ្ធក្នុងសមរភូមិក្តី ក៏ប៉ុន្តែស្ត្រីបានលះបង់ប្តី កូន បងប្អូន ឲ្យទៅបម្រើកងទ័ព នៅពេលប្រទេសមានសុខសន្តិភាព ស្ត្រីបានទទួលផលប្រយោជន៍យ៉ាងធំ ដោយមិនការព្រួយបារម្ភបញ្ហាសង្គ្រាមទៀតនោះទេ។

ការទម្លាយអាថ៌កំបាំងនៃការស្រាវជ្រាវនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវានារី​អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំក៏សុំអរគុណ ចំពោះស្ត្រីទាំងឡាយនៅទូទាំងកម្ពុជា ដែលខ្ញុំចង់ទម្លាយនូវអាថ៌កំបាំងមួយ ការធ្វើការស្ទង់មតិជាញឹកញាប់ ហើយខ្ញុំចង់និយាយការស្ទង់មតិ ៣ដងចុងក្រោយ។ ខែមករា ឆ្នាំ២០២២ ខែតុលា ឆ្នាំ២០២២ និងខែមករា ឆ្នាំ២០២៣ ចំនួនដែលចូលចិត្ត ហ៊ុន សែន អត្រាស្ត្រីខ្ពស់ជាងបុរសឆ្ងាយ។ អត្រានេះជាអត្រាសន្លឹកឆ្នោតដែលតែងតែធ្វើ ហើយមិនមែនជនជាតិខ្មែរជាអ្នកធ្វើទេ យើងមានក្រុមឯកទេស មកពីក្រៅប្រទេស»

សម្តេចតេជោបន្ថែមទៀតថា «គេបែងចែកតំបន់ តំបន់ឆ្នេរ តំបន់ទីក្រុង តំបន់ទន្លេសាប និងតំបន់ផ្សេងៗ ខ្ញុំបានពិនិត្យ និងសិក្សា ហើយឯកសារនេះក៏មាននៅសម្តេចពិជ័យសេនា ទៀ បាញ់ ក៏មាននៅជាមួយលោកជំទាវ ម៉ែន សំអន ជាភាសាអង់គ្លេស តែយើងបានបកប្រែជាខ្មែរ ខ្ញុំមិនផ្សព្វផ្សាយវាទេ។ ខ្ញុំសុំអរគុណណាស់ ដែលស្ត្រីបានគាំទ្រខ្ញុំ មានចំនួនច្រើនលើសលុប ដែលមានចំនួនភាគរយខ្ពស់ជាងបុរស»

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តែងបានយក​ចិត្តទុក​ដាក់ជានិច្ច ក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។ ពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា លើកទី១១២ ក្នុងឆ្នាំ២០២៣នេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»