(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គ ពិនិត្យធម្មនុញ្ញភាពលើវិសោធនកម្ម លើប្រការចំនួន១០ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩៖០០នាទី នៅអគារ ស វិមានរដ្ឋចំការមន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គ នឹងធ្វើឡើងក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់លោកកិត្តិនីតិកោសលបណ្ឌិត ស៉ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា ដែលស្នើសុំពិនិត្យធម្មនុញ្ញភាពលើវិសោធនកម្ម ប្រការ ២ ប្រការ ៧ ប្រការ ៨ ប្រការ ២៩ ប្រការ ៣៩ ប្រការ ៤២ ប្រការ ៥៧ ប្រការ ៦០ ប្រការ ៧២ និងប្រការ ៨៤ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕