(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រទេសជប៉ុន ប្រចាំកម្ពុជា លោក Ueno Atsushi និងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នាទីស្ដីការក្រសួង ភាគីទាំងពីរបានប្ដេជ្ញាសហការរួមគ្នាពង្រឹងកិច្ចសហប្រតិបត្ដិការឱ្យកាន់តែប្រសើរ។
នាឱកាសនោះលោកឯកអគ្គរដ្ឋទូតទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រទេសជប៉ុន ប្រចាំកម្ពុជា បានស្នើសុំការគាំទ្រពីលោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល ទៅលើកិច្ចសហប្រតិបត្តិការជាបន្តទៀត ទាំងគម្រោងជំនួយឥតសំណង និងគម្រោងហិរញ្ញប្បទានសម្បទាន។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ ជាក់ស្ដែងការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅតាមបណ្តាខេត្តជាច្រើន ការបណ្ដុះបណ្ដាល ធនធានមនុស្ស ដែលជាការសបញ្ជាក់នូវការរឹតចំណងមិត្តភាព និងសាមគ្គីភាព ជាប្រពៃណីរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានសម្ដែងការអបអរសាទរចំពោះ លោក Ueno Atsushi ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានថ្លែងអំណរគុណដល់ភាគីជប៉ុន ចំពោះកិច្ចសហការលើវិស័យ សុខាភិបាលរវាងប្រទេសទាំងពីរ ជាពិសេសក្នុងកាលៈទេសៈនៃការប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ-១៩។
លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយបន្ទាន់សម្រាប់ឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ១៩ មួយចំនួនដូចជា៖ ជំនួយបឋមនាខែកុម្ភៈ ឆ្នាំ២០២០ ពេលដែល កម្ពុជាបានរកឃើញករណីកូវីដ១៩ ដំបូង រួមមាន៖ កញ្ចប់តេស្តរហ័ស, សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល, កញ្ចប់ឧបករណ៍ពិសោធន៍ និងម៉ាស។
ជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ឆ្លើយតបនឹងការរាលដាលជំងឺកូរីដ១៩ រដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម បានផ្តល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលកម្ពុជា ថវិកាចំនួន ២០០០លានយេន ប្រមាណជា ១៨.៥លានដុល្លារ អនុវត្តដោយ Japan International Cooperation System (JICS) រួមមាន៖ រថយន្តគិលានសង្គ្រោះ ចំនួន ១០០គ្រឿង, Ultrasound Scanner ចំនួន១គ្រឿង, គ្រែសម្រាប់ផ្នែក ICU ចំនួន១០០គ្រែ, Thermographic Camaraចំនួន ១០គ្រឿង, Portable X-Ray ចំនួន ១០គ្រឿង, Mobile Ultrasound scanner ចំនួន ២៥គ្រឿង, Oxygen Concentrator ចំនួន ១០០គ្រឿង, ការពង្រីកផ្នែកសង្គ្រោះបន្ទាន់សម្រាប់ជំងឺកូវីដ១៩ រួមទាំងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ត្រូវបានដាក់បញ្ចូលទៅក្នុងគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, ឧបករណ៍វាស់សម្ពាធឈាម ចំនួន១០០គ្រឿង, ម៉ាស៊ីនភ្លើង ចំនួន១០០គ្រឿង។
តាមរយៈកម្មវិធី ជំនួយបន្ទាន់ រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៦.៣លានដុល្លារ អនុវត្តដោយ UNOPS រួមមាន៖ សាងសង់ម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែន (Oxygen Plant) នៅ ១១មន្ទីរពេទ្យ ដែលបាននឹងកំពុងអនុវត្តជិតចប់, សម្ភារៈឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ សម្ភារៈ IT ព្រមទាំងបានចូលរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយវ៉ាក់សាំងប្រភេទ AstraZeneca ចំនួន ១,០០០,០០០ដូស តាមរយៈមជ្ឈមណ្ឌល COVAX។
លោកឯកអគ្គរដ្ឋទូតជប៉ុនថ្មីរូបនេះ ក៏បានថ្លែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ចង្អុលបង្ហាញផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ជំរុញឱ្យកម្ពុជាអាចបើកដំណើរការឡើងវិញទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆាំ្ន២០២១។ លោកក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដល់ជនជាតិជប៉ុនទាំងអស់ ដែលរស់នៅលើទឹកដីកម្ពុជា ដោយឥតគិតថ្លៃ។
ឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលបានសហការគាំទ្រយ៉ាងពេញទំហឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ ជាពិសេសតែងតែគាំទ្រដល់ JICA ក្នុងការអនុវត្តគម្រោងជំនួយឥតសំណងនានា ជាក់ស្តែងគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបាននឹងកំពុងអនុវត្ត៕