(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោក Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ (ថ្មី) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។
ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសនិងប្រជាជនទាំងពីរចាប់តាំងពីឆ្នាំ១៩៩៧ ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជាលើវិស័យជាច្រើន ក្នុងនោះរួមទាំងការចូលរួមការងារសកម្មភាពមីនមនុស្សធម៌ ផងដែរ។
ទេសរដ្ឋមន្រ្តី បានលើកឡើងថា សាធារណរដ្ឋកូរ៉េ បានចូលរួមវិភាគទានចំនួន ១០លានដុល្លារ តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ២០២១-២០២៥ គាំទ្រដល់ការងារបោសសម្អាតមីនក្នុងខេត្តចំនួន ០៣ រួមមាន៖ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលការចូលរួមនេះមិនត្រឹមតែបានជួយសង្រ្គោះអាយុជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជនមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលរួមនូវវិភាគទានចំនួន ១០% ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលប្រចាំឆ្នាំ។
ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ បានចូលរួមបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយផលប៉ះពាល់អវិជ្ជមានដោយសារគ្រាប់មីន។ ក្រៅពីការងារបោសសម្អាតមីន សាធារណរដ្ឋកូរ៉េ បានចូលរួមដល់កិច្ចសង្រ្គោះជនពិការដោយសារមីន និងការអប់រំអំពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
លោក Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ មានសេចក្តីសប្បាយរីករាយដែលបានធ្វើការ និងសហការជាមួយអាជ្ញាធរមីន ក្នុងការចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន ជាសេនាធិការឲ្យរាជរដ្ឋាភិបាលម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្របគ្រង និងសម្របសម្រួលសកម្មភាពមីន ដោយទទួលបាននូវសមិទ្ធផលគួរឲ្យកត់សម្គាល់។
សូមបញ្ជាក់ថា គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានចាប់ផ្តើមដំណើរការចាប់ពីឆ្នាំ២០០៦ បានចូលរួមរំដោះផ្ទៃដីមានមីនសរុបចំនួន ៣២២.៨៧ គីឡូម៉ែត្រក្រឡា ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនជនបទជាង ១ លាននាក់ ក្នុងនោះ ៥០% ជាស្ត្រី និងកុមារី។ រហូតដល់ពេលនេះ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានឈានដល់ដំណាក់កាលទី៤ ចាប់ពី ២០២១-២០២៥ ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ និងអង្គការ UNDP។
គម្រោង CfRIV គ្រោងនឹងបង្កើនការបោសសម្អាត ការអប់រំអំពីហានិភ័យមីន និងកិច្ចខិតខំប្រឹងប្រែងជួយជនរងគ្រោះក្នុងខេត្តទាំងបី ចាប់ពីឆ្នាំ២០២១។ ការចូលរួមចំណែករបស់សាធារណរដ្ឋកូរ៉េចំពោះ CfRIV ភាពជាដៃគូជាមួយ UNDP គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍ភូមិសន្តិភាពមេគង្គ ដែលជួយកម្ពុជាក្នុងការបោសសម្អាតមីន ជំនួយជនរងគ្រោះ និងការអប់រំអំពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ៕