(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ ដើម្បីសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោត នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ បានធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ប្រកបដោយសុខសុវត្ថិភាព និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។
ថ្លែងនៅក្នុងឱកាសសន្និសីទសារព័ត៌មាន ពេលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP) លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា នៅក្នុងដំណើរបំពេញបេសកកម្មនៅសាធារណរដ្ឋបារំាងនេះ ប្រតិភូកម្ពុជាទទួលបានការសម្របសម្រួលយ៉ាងល្អពីក្រសួងមហាផ្ទៃនៃប្រទេសបារំាង ក៏ដូចជាឯកឧត្តមឯកអគ្គរដ្ឋទូត និងមន្ត្រីស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបារំាង។
ក្នុងដំណើរទស្សនកិច្ចនេះភាគច្រើន ប្រតិភូកម្ពុជាបានជួបជាមួយស្ថាប័នរៀបចំការបោះឆ្នោតបារំាង និងស្ថាប័នមួយចំនួនទៀតពាក់ព័ន្ធនឹងការបោះឆ្នោតនៃប្រទេសបារំាង។ ប្រព័ន្ធបោះឆ្នោតបារាំងមិនដូចកម្ពុជាទេ ដោយបារំាងបានរៀបចំការបោះឆ្នោតតាំងពីសតវត្សទី១៩មក និងបានកែលម្អប្រព័ន្ធបោះឆ្នោតរបស់ខ្លួនជាបន្តបន្ទាប់ ហើយរហូតដល់បច្ចុប្បន្ន បារាំងកំពុងប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើប។
អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់អំពីស្ថាប័នដែលប្រតិភូកម្ពុជាបានជួប រួមមានទី១ ក្រសួងមហាផ្ទៃបារាំង ដែលជាស្ថាប័នរៀបចំការបោះឆ្នោតផ្ទាល់ មិនដូចជានៅកម្ពុជា មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយឡែក ដែលឯករាជ្យក្នុងការរៀបចំការបោះឆ្នោតនោះទេ។ ក្រសួងមហាផ្ទៃបារំាង មានបណ្តាញរៀបចំការបោះឆ្នោត ដែលជាអាជ្ញាធរក្រុង ខេត្ត និងឃុំ សង្កាត់។ ទី២ ក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សាធម្មនុញ្ញ ដោយស្ថាប័នទាំងពីរនេះ មានកាតព្វកិច្ចដោះស្រាយបណ្តឹងបោះឆ្នោត និងស្ថាប័នមួយចំនួនទៀត ដូចជាស្ថាប័ននិយ័តកម្មសោតទស្សន៍ និងឌីជីថល ដែលជាស្ថាប័នសម្របសម្រួល សម្រាប់ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ។
គណៈប្រតិភូកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងបានផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានពីគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានលើកឡើងអំពីការងាររៀបចំការបោះឆ្នោតរបស់កម្ពុជាជូនភាគីបារាំងឱ្យបានជ្រាបផងដែរ។ ជារួម ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារំាងរបស់គណៈប្រតិភូកម្ពុជា បានការចូលរួមគ្រប់កម្មវិធីដែលបានគ្រោងទុក និងបានដំណើរការយ៉ាងល្អ។
ចំពោះលទ្ធផលលោក ទេព នីថា បានគូសបញ្ជាក់លើ ៣ចំណុចសំខាន់ៗរួមមាន៖
ទី១៖ យើងបានស្វែងយល់អំពីប្រព័ន្ធបោះឆ្នោតនៅប្រទេសបារាំង ហើយកម្ពុជាក៏បានជម្រាបជូនពីដំណើរការនៃប្រព័ន្ធបោះឆ្នោតរបស់ខ្លួនជូនដល់ស្ថាប័នពាក់ព័ន្ធនៃបារាំងដែរ។ យើងបានពង្រឹងទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធនឹងការបោះឆ្នោតបារាំង។
ទី២៖ ការបោះឆ្នោតនៅប្រទេសបារំាង បើប្រៀបធៀបនឹងប្រព័ន្ធបោះឆ្នោតកម្ពុជា មិនដូចគ្នាទេ តែមានចំណុចបច្ចេកទេសមួយចំនួនល្អ ដែលយើងសង្កេតឃើញបារាំងបានរៀបចំនីតិវិធីនៃការបោះឆ្នោតនីមួយៗជាស្រេច ហើយនៅពេលបោះឆ្នោតបានកែសម្រួលបន្តិចបន្តួច ជាសេចក្តីសម្រេចជាមូលដ្ឋានគតិយុត្ត ដាក់ប្រើប្រាស់ខុសពីកម្ពុជាយើង ដែលយើងធ្វើនីតិវិធីថ្មីសម្រាប់ការបោះឆ្នោតនីមួយៗ។ ទម្រង់បែបបទរៀបចំការបោះឆ្នោតបារាំង សម្រាប់ខេត្ត ឬឃុំ សង្កាត់ របស់ខ្លួនមានពណ៌ផ្សេងគ្នា ដែលងាយស្រួលចំណាំ។
ទី៣៖ បារាំងបានប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបច្រើន ដែលជាជំនួយក្នុងការគ្រប់គ្រង និងផ្ទៀងផ្ទាត់ក្នុងការបោះឆ្នោត។ ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺមេឃុំ ជាប្រធានការិយាល័យបោះឆ្នោតតែម្តង។ ក្នុងករណីការិយាល័យមានច្រើន មេឃុំទាំងនោះចាត់តាំងមន្ត្រីរបស់ខ្លួនធ្វើជាប្រធានការិយាល័យបោះឆ្នោតតែម្តង និងមានជំនួយការពីរនាក់ទៀត។ នៅពេលបោះឆ្នោតម្តងៗ បារាំងមិនមានការបង្រៀន ឬរៀបចំវគ្គបណ្តុះបណ្តាលច្រើន ដូចនៅកម្ពុជាយើងទេ ដោយគេចេញសេចក្តីសម្រេចបន្ថែមថ្មីមួយ ហើយនៅថ្នាក់ក្រោមរៀបចំការបណ្តុះបណ្តាលដោយខ្លួនឯងតែម្តង។ នៅប្រទេសបារាំងមានការបោះ-ឆ្នោតច្រើន ដូចជាបោះឆ្នោតជ្រើសរើសប្រធានាធិបតី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសតាំងសភាអឺរ៉ុប និងការបោះឆ្នោតថ្នាក់ក្រោមជាតិ ដូចជាថ្នាក់តំបន់ ថ្នាក់ខេត្ត ក្រុង រហូតដល់ឃុំ សង្កាត់៕