(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានយ៉ាងល្អ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយការខ្ចីបំណុលក្រៅទេស ពោលគឺមានតែជិត២០%នៃថវិកាជាតិសរុបប៉ុណ្ណោះ ដែលធ្វើឱ្យកម្ពុជាទទួលបានកំណើន និង បន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ច ជាបន្តបន្ទាប់។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ «គណនេយ្យភាពសមិទ្ធកម្ម» បានគូសបញ្ជាក់ថា «សមិទ្ធកម្មដ៏ល្អ» នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើង នូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវ លើជោគវាសនារបស់ប្រទេសជាតិ ដោយបានកាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស ដែលបច្ចុប្បន្នការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំ មានទំហំមិនស្មើនឹង ២០ ភាគរយនៃថវិកាជាតិសរុបនោះទេ។ ផ្ទុយទៅវិញ, នៅក្នុងអតីតកាល ៣០ឆ្នាំមុន, ចំណូលក្នុងស្រុកដែលកម្ពុជារកបានដោយខ្លួនឯង មានត្រឹមប្រមាណមួយភាគបីនៃថវិកាជាតិសរុបតែប៉ុណ្ណោះ, បានន័យថា តមូ្រវការប្រមាណពីរភាគបីនៃថវិកាជាតិ ត្រូវបានដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស ។
សូចនាករសមិទ្ធកម្មដ៏ល្អប្រសើរនេះ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យកម្ពុជាទទួលបានកំណើន និង បន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ច ជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជា ប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ ២០១៥ និង កំពុងបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជា ប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ ២០៥០ ។
«សុខភាពដ៏ល្អប្រសើរ» នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ក៏បានធ្វើឱ្យរាជរដ្ឋាភិបាលមានថវិកាសន្សំគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាជាយថាហេតុទាំងឡាយ នាគ្រាកន្លងទៅ ជាអាទិ៍៖ ការឆ្លើយតបនឹងស្ថានភាពមិនអំណោយផល បង្កឡើងដោយវិបត្តិសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសកលលោក ក៏ដូចជាការឆ្លើយតបនឹងគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ ដែលមិនអាចស្មានទុកជាមុនបាន។ ជាក់ស្ដែង, រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ខាងផ្នែកហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវវិបត្តិសុខុមាលភាព, សង្គម និងសេដ្ឋកិច្ច ដែលបណ្ដាលមកពីការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ រហូតកម្ពុជាត្រូវបានទទួលស្គាល់នៅក្នុងកម្រិតសកលលោកថា ជាប្រទេសគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អ និងជាប្រទេសស្ទុះងើបឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩ បានយ៉ាងរហ័ស ។
ក្រសួងសេដ្ឋកិច្ចបន្ថែមថា «សមិទ្ធផលក្នុងរយៈពេល ២០ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាសេនាធិការ បានជំនះដោយជោគជ័យក្នុងការកែទម្រង់សមាសធាតុគន្លឹះៗ នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា នៅលើផ្លូវត្រូវឆ្ពោះ ទៅកាន់ការសម្រេចបាននូវចក្ខុវិស័យដែលបានកំណត់។ ជោគជ័យនៃការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ បានផ្ដល់ផលជាបណ្ដើរៗ ទៅលើការពង្រឹងគុណភាព «អភិបាលកិច្ចល្អ» និងការកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរឹងមាំ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល អាចលើកកម្ពស់ជីវភាព និងបម្រើសេវាសាធារណៈ ជូនប្រជាជនបានកាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែមានគុណភាពកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ ន្តចាំបាច់នានា ដូចជា ប្រព័ន្ធគមនាគមន៍, ប្រព័ន្ធ ធារាសាស្ត្រ, អគ្គិសនី, ការកសាងសាលារៀន, មន្ទីរពេទ្យ បានកាន់តែច្រើន និងមានគុណភាពប្រសើរឡើងឥតឈប់ឈរ» ។
លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍ បានថ្លែងចំណាប់អារម្មណ៍ និងកត់សម្គាល់ជារួមថា លទ្ធផលនៃការអនុវត្តកម្មវិធីកែទម្រង់ទាំង ៣ ដំណាក់កាលនាពេលកន្លងមក និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាបច្ចុប្បន្ន មានលក្ខណៈកាន់តែប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាព ក្នុងការចូលរួមសម្រេចបាននូវគោលដៅសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ។ ក្នុងទស្សនវិស័យប្រកបដោយសុទិដ្ឋិនិយម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ដៃគូអភិវឌ្ឍន៍អបអរសាទរចំពោះរាជ-រដ្ឋាភិបាលកម្ពុជា សម្រាប់វឌ្ឍនភាពប្រកបដោយចីរភាពលើគ្រប់ទិដ្ឋភាព ជាពិសេស វឌ្ឍនភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ដៃគូអភិវឌ្ឍន៍ ប្តេជ្ញាយ៉ាងមុតមាំ ក្នុងការបន្តគាំទ្រការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ «គណនេយ្យភាពសមិទ្ធកម្ម»។
«កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសដាក់ឱ្យអនុវត្តតាំងពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០០៤ កន្លងមក ដោយបានកំណត់ចក្ខុវិស័យ «ប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្ដោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធដែលផ្ដោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ» ។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ, រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកយុទ្ធ-សាស្ត្រ «បោះជំហានតាមដំណាក់កាល ឬអភិក្រមជាខឿន (Platforms)» តាមរយៈក្របខ័ណ្ឌផែនការសកម្មភាពរួម លម្អិតមួយ ដែលផ្សំឡើងពីសកម្មភាពចាំបាច់សម្រាប់ការកសាងមូលដ្ឋានគ្រឹះនៅតាមដំណាក់កាលនីមួយៗ និងសកម្មភាព ចាំបាច់នានាដែលត្រូវចាប់ផ្ដើមសាកល្បងដកពិសោធន៍ជាបណ្ដើរៗ មុនឈានចូលទៅដល់ដំណាក់កាលបន្ទាប់៕