(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា-ថៃ កំពុងរួមគ្នាដើម្បីជំរុញការដំឡើងច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងខេត្តព្រះវិហារ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ។ នេះបើតាមការឲ្យដឹងពី លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រះវិហារ» លោក គីម រិទ្ធី បានគូសបញ្ជាក់ថា ការដំឡើងទៅជាច្រកទ្វារព្រំដែនអន្ដរជាតិនេះ រាជរដ្ឋាភិបាលប្រទេសទាំងពីរ បានឯកភាពគ្នាជាគោលការណ៍ហើយ ហើយក្រុមការងារបច្ចេកទេសក៏កំពុងជជែកគ្នាបន្ដទៀតផងដែរ។
លោកអភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលប្រទេសទាំងពីរ មានគោលការណ៍ដំឡើងទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ។ ចំពោះការងារបច្ចេកទេស គណៈកម្មការទំនាក់ទំនងព្រំដែន កំពុងជជែកក្នុងលទ្ធភាពបើកច្រកនេះ ហើយក្រសួងមហាផ្ទៃកម្ពុជា និងថៃ ក៏បានឯកភាពគ្នាជាគោលការណ៍បន្ដជំរុញបើកច្រកនេះផងដែរ ហើយការងារបច្ចេកទេសកំពុងតែបន្ដ»។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានឯកភាពគ្នា ក្នុងការពន្លឿនដំឡើង និងបើកដំណើរការច្រកទ្វារព្រំដែនអន្ដរជាតិ ចំនួន៣ទៀត ដែលនៅសេសសល់ក្នុងនោះ មាននៅខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តឧត្ដរមានជ័យ។
ច្រកទ្វារព្រំដែនអន្ដរជាតិចំនួន៣ ដែលបានឯកភាពគ្នាក្នុងការពន្លឿនដំឡើង និងបើកដំណើរការនោះ រួមមាន៖
* ទី១៖ ច្រកទ្វារព្រំដែន អានសេះ (ខេត្តព្រះវិហារ)-អានម៉ា (ខេត្តឧប៊ុនរាជធានី)
* ទី២៖ ច្រកទ្វារព្រំដែនថ្មដា (ខេត្តពោធិ៍សាត់)-បានថាសែន (ខេត្តត្រាត)
* ទី៣៖ ច្រកទ្វារព្រំដែនជប់គគីរ (ខេត្តឧត្តរមានជ័យ)-សាយតាតូ (ខេត្តបុរីរ៉ាំ)។
បន្ថែមពីនេះ ភាគីទាំងពីរក៏បានលើកទឹកចិត្តឲ្យស្ថាប័នពាក់ព័ន្ធ សហការឲ្យបានជិតស្និទ្ធដើម្បីឈានទៅបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ)-បានណងអៀន (ខេត្តស្រះកែវ) ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ក្នុងនោះ ភាគីកម្ពុជា-ថៃ ក៏បានយល់ព្រមពិនិត្យលទ្ធភាព ក្នុងការដំឡើងកម្រិតច្រកទ្វារព្រំដែនឆករកា (ខេត្តបាត់ដំបង)-បានម៉ាក់មួង (ខេត្តត្រាត) ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។ ជាងនេះទៅទៀត ភាគីទាំងពីរបានលើកទឹកចិត្តអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ឲ្យធ្វើការវាស់វែងលម្អិតនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ និងភូមិណនម៉ាក់មួន ខេត្តស្រះកែវ ដើម្បីបង្កើតច្រកទ្វារតំបន់ព្រំដែនថ្មីមួយទៀតផងដែរ៕