(ភ្នំពេញ)៖ តំណាងកម្ពុជា លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍ នៅឯទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅទីក្រុងប៉ារីស៍។ ទីភ្នាក់ងារ AFD ត្រូវបានតំណាងដោយលោកស្រី Marie Hélène Loison អគ្គនាយិការង និងលោក Cyrille Bellier ប្រធាននាយកដ្ឋានអឺរ៉ុបខាងកើត មជ្ឈិមបូព៌ា និងអាស៊ី។
ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទីភ្នាក់ងារ AFD ដើម្បីពិភាក្សាគ្នាអំពីទិសដៅយុទ្ធសាស្រ្តរបស់ទីភ្នាក់ងារ AFD នៅកម្ពុជា។
តាមការប្រកាសរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានឱ្យដឹងថា ការពិភាក្សាប្រចាំឆ្នាំនេះក៏មានការចូលរួមផងដែរពីតំណាងក្រសួងបច្ចេកទេសពាក់ព័ន្ធ និងសហគ្រាសសាធារណៈជាដៃគូរបស់ទីភ្នាក់ងារ AFD ។ កិច្ចពិភាក្សាខាងលើ គឺជាឱកាសដើម្បីរំលឹកអំពីភាពជាដៃគូយូរអង្វែងរវាងប្រទេសកម្ពុជា និង AFD និងកំណត់ទិសដៅសំខាន់ៗនៃផែនការសកម្មភាពសម្រាប់បណ្តាឆ្នាំខាងមុខ។ តាមរយៈកិច្ចព្រមព្រៀងមួយ ដែលត្រូវបានចុះហត្ថលេខាក្នុងឱកាសនោះ ទីភ្នាក់ងារ AFD បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់ការអភិវឌ្ឈរបស់ព្រះរាជាណាចក្រកម្ពុជា ដោយសន្យាផ្តល់ហិរញ្ញប្បទានដល់គម្រោងនានារហូតដល់៤០០លានអឺរ៉ូសម្រាប់ឆ្នាំ២០២៣-២០២៤ ដោយផ្តោតអាទិភាពលើវិស័យទឹក និងអនាម័យ កសិកម្ម ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
យុទ្ធសាស្ត្ររបស់ទីភ្នាក់ងារ AFD សម្រាប់បណ្តាឆ្នាំខាងមុខមានគោលដៅគាំទ្រប្រទេសកម្ពុជាក្នុងកាអភិវឌ្ឍថាមពលកាបូនទាប លើកកម្ពស់ភាពធន់របស់ដីចំពោះមុខការប្រែប្រួលអាកាសធាតុ ព្រមទាំងជួយជ្រោមជ្រែងកម្ពុជាក្នុងការធ្វើសមាហរណកម្ម និងការប្រកួតប្រជែងក្នុងតំបន់ឲ្យបានកាន់តែប្រសើរ ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចបៃតង និងការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព។ យុទ្ធសាស្ត្រទាំងនេះ ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយក៏ផ្តោតផងដែរលើបញ្ហាមួយចំនួន ដូចជានវានុវត្តន៍ យេនឌ័រ ការប្រែប្រួលអាកាសធាតុ ប្រសិទ្ធភាពថាមពល និងវិធីសាស្រ្ត «សុខភាពតែមួយ» (One Health)។
«នៅក្នុងឆ្នាំនៃការប្រារព្ធខួបលើកទី៣០នៃវត្តមាន AFD នៅកម្ពុជានេះ យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ដៃគូកម្ពុជារបស់យើងមកកាន់ទីស្នាក់ការកណ្តាលរបស់ AFD ។ ការប្តេជ្ញាចិត្តបង្កើនជំនួយទ្វេដងដល់ប្រទេសកម្ពុជា ពោលគឺរហូតដល់៤០០លានអឺរ៉ូសម្រាប់ឆ្នាំ២០២៣-២០២៤ ឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏យូរអង្វែងរបស់យើង ដោយហេតុថា AFD ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពជាអាទិភាពរបស់ព្រះរាជាណាចក្រកម្ពុជា»។ នេះគឺជាការថ្លែងពីលោកស្រី Sandrine Boucher នាយិកា AFD ប្រចាំកម្ពុជា។
ចំណែកលោក វង្សី វិស្សុត វិញបានបង្ហាញនូវភាពរីករាយចំពោះការពង្រីកប្រតិបត្តិការរបស់ AFD នៅកម្ពុជា។ លោកបានលើកឡើងថា៖ «នៅពេលយើងឈានទៅកាន់ដំណាក់កាលមួយទៀតនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម យើងមើលឃើញឱកាសសហការគ្នាកាន់តែច្រើន ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅពេលបច្ចុប្បន្ន និងទៅអនាគត។ យើងក៏សប្បាយចិត្តផងដែរចំពោះភាពស៊ីសង្វាក់គ្នានៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់យើងរៀងខ្លួន នៅក្នុងវិស័យអាទិភាព ពិសេសក្នុងវិស័យទឹក និងអនាម័យ កសិកម្ម ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ»។
ការប្រជុំនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីបារាំង Macron នៅទីក្រុងប៉ារីស និងដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោក Rémy Rioux នាយកប្រតិបត្តិ AFD ដែលជាឱកាសដើម្បីបញ្ជាក់ឡើងវិញពីទំនាក់ទំនងល្អជាច្រើនឆ្នាំកន្លងមករវាង AFD និងកម្ពុជា។ ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ១៩៩៣ ទីភ្នាក់ងារ AFD បានផ្ដល់ហិរញ្ញប្បទានដល់គម្រោងចំនួន៩២ក្នុងទំហំទឹកប្រាក់សរុប៩២៧លានអឺរ៉ូ។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ជំនួយតាមវិស័យរបស់ AFD បានផ្តោតលើទឹក និងអនាម័យ(44%) កសិកម្ម(40%) ថាមពល(10%) និងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(9%)។
ក្នុងនាមជាក្រុមមួយ ទីភ្នាក់ AFD មានសាខាពីរ ដែលសកម្មនៅក្នុងប្រទេសកម្ពុជា ៖ ទី១ គឺស្ថាប័ន Proparco ដែលផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន ជាពិសេសវិស័យហិរញ្ញវត្ថុ ដោមានគម្រោងចំនួន១០កំពុងដំណើរការ ក្នុងទំហំទឹកប្រាក់សរុប១៤៣លានអឺរ៉ូ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះធ្វើការជាមួយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុលើបញ្ហានានាដូចជា យេនឌ័រ អាកាសធាតុ និងការកែលម្អលទ្ធភាពទទួលបានទឹកស្អាត និងអគ្គិសនីនៅតំបន់ជនបទ។ ចំណែកទី២ គឺជំនាញការបារាំង (Expertise France) ដែលផ្តល់ការគាំទ្របច្ចេកទេសរបស់ផ្នែកសាធារណៈបារាំងដល់រាជរដ្ឋាភិបាល និងស្ថាប័នសាធារណៈកម្ពុជា ដូចជាក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬក្រសួងអប់រំ យុវជន និងកីឡា៕