(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២៣នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយ លោក Asad Yaqub ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជា (IFC) នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ ទាក់ទងទៅនឹងសមិទ្ធផលសំខាន់ៗក្នុងវិស័យពាណិជ្ជកម្ម បញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍ និងឱកាសវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានសម្តែងការគួរសមយ៉ាងកក់ក្តៅ និងបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយគ្នាកន្លងមកនៅក្នុងកម្មវិធីធ្វើពិពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជា (CEDEP) ក៏ដូចជាការពង្រីកកម្មវិធីលើការគាំទ្រស្រូវ-អង្ករក្នុងឆ្នាំ២០១២ តាមរយៈការគាំទ្រហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (Enhanced Integrated Framework – EIF/WTO)។ ការចូលរួមគាំទ្រក្នុងវិស័យស្រូវ-អង្ករកម្ពុជានេះ បានជួយជំរុញការអភិវឌ្ឍវិស័យនេះឱ្យមានកំណើនសមត្ថភាពនៃការផលិត និងនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក។
លោករដ្ឋមន្ត្រី បានបន្តថា សមិទ្ធផលសំខាន់ៗ ក៏ដូចជាការអភិវឌ្ឍរបស់កម្ពុជាកន្លងមកនេះ ឯកឧត្តមបានជឿថាការធ្វើពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ជាមួយនឹងការប្រឹងប្រែងរបស់កម្ពុជា សេដ្ឋកិច្ចកម្ពុជាបានលូតលាស់ក្នុងរង្វង់ ៥ភាគរយ ក្នុងឆ្នាំ២០២០ និងរំពឹងថានឹងកើនដល់ប្រហែល ៦ភាគរយឆ្នាំ២០២៣។
លោករដ្ឋមន្ត្រី បញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានផ្តួចផ្តើមគំនិតក្នុងការធ្វើសមាហរកម្មពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែស៊ីជម្រៅតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគី ក្នុងតំបន់ និងជាសកល ដើម្បីឱ្យប្រាកដថាកម្ពុជា នឹងមានភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សាររបស់ខ្លួន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (ASEAN & ASEAN +1) កិច្ចព្រមព្រៀង ភាពជា ដៃគូ សេដ្ឋកិច្ច គ្រប់ ជ្រុងជ្រោយ ក្នុង តំបន់ (RCEP) និងកិច្ចព្រមព្រៀមសេរីទ្វេភាគីជាមួយចិន និងកូរ៉េ នឹងផ្តល់ជាឱកាសទីផ្សារយ៉ាងធំសម្បើមសម្រាប់វិស័យធុរកិច្ចកម្ពុជា។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ផងដែរថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះប្រកបដោយប្រយោជន៍ ដើម្បីទាញយកទីផ្សារដែលមាន និងប្រើប្រាស់ឱកាសទាំងនេះ ក្នុងការពង្រីកខ្សែច្រវ៉ាក់តម្លៃរបស់ខ្លួនទៅក្នុងតំបន់ និងសកលលោក។
លោករដ្ឋមន្ត្រី បន្ថែមថា ក្រសួងពាណិជ្ជកម្មបានដាក់ចេញយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយផ្តោតទៅលើការពង្រឹងភាពប្រកួតប្រជែង ពិពិធកម្មក្នុងការនាំចេញ និងប្រភពកំណើនសេដ្ឋកិច្ចថ្មី។ តាមរយៈការជួយគាំទ្រផ្នែកហិរញ្ញវត្ថុពី EIF ក្រសួងពាណិជ្ជកម្មបាននឹងកំពុងជំរុញគម្រោងការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ខ្លួនហៅថា «Go4eCAM» ដែលមានគោលបំណងផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។
លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា ក្រសួងពាណិជ្ជកម្មស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម របស់ IFC ក្នុងការពង្រីកការគាំទ្រលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូទៅលើវិស័យផ្សេងៗរបស់កម្ពុជា រួមមានដំឡូង គ្រាប់ស្វាយចន្ទី ម្រេច កាហ្វេ ក្រូចពោធិ៍សាត់ ស្វាយ ផ្លែមៀន និងជលផលនេសាទ។ល។ ការពង្រីកប្រតិបត្តិការអាជីវកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទាន កម្ចី ជំនួយឥតសំណង ឬជំនួយបច្ចេកទេស នឹងរួមចំណែកក្នុងការជួយទៅដល់វិស័យឯកជន ហើយការសហការគ្នាក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជន នឹងផ្តល់សារសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាផងដែរ៕