(ព្រៃវែង)៖ ប្រជាពលរដ្ឋចំនួន២គ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិព្រៃចា ឃុំថ្មពូន​ ស្រុកកញ្ជ្រៀច​ ខេត្តព្រៃវែង បានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកញ្ជ្រៀច​ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ តាមរយៈលោក សឿង សុជាតិ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកញ្ជ្រៀច។

នាឱកាសនោះ លោក សឿង សុជាតិ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់លោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

លោក សឿង សុជាតិ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហាអគ្គិភ័យនេះ ព្រោះរដូវនេះអាកាសធាតុក្តៅ។ ម្យ៉ាងក៏កុំភ្លេចការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ។

សម្ភារៈដែលបានផ្តល់ជូននោះ រួមមាន អង្ករ១០០គ.ក មី៤កេស ត្រីខ​៤យួរ តង់១ ទឹកត្រី២យួរ ទឹកស៊ីអ៉ីវ២យួរ សារុង៥ ក្រមា៣ ម៉ុង​ ភួយ កន្ទេល ចាន​ ឆ្នាំង​ រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត និងថវិកាចំនួន១លានរៀល។ ដោយឡែកចំពោះគ្រួសាររងគ្រោះឆេះជញ្ជាំងផ្ទះ១ចំហៀង ទទួលបានអង្ករ៥០គ.ក មី២កេស ត្រីខ២យួរ ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ រួមទាំងសម្ភារប្រើប្រាស់មួយចំនួន និងថវិកាចំនួន៤០ម៉ឺនរៀលផងដែរ៕