(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋនាំគ្នាលេងល្បែងប្រជាប្រិយ ល្បែងរបាំប្រពៃណីឱ្យបានសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តែមិនត្រូវលេងល្បែងស៉ីសង ល្បែងភ្នាល់គ្នា ឬធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អ្នកដទៃនោះឡើយ។

លោកអភិបាលខេត្តបញ្ជាក់យ៉ាងដូច្នេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី បានណែនាំដល់គ្រប់មន្ទីរ អង្គភាព ទីវត្តអារាម សាលារៀន រោងចក្រ សហគ្រាស និងគ្រប់គេហដ្ឋានត្រូវរៀបចំសម្អាតតុបតែងលម្អរំលេចទៅដោយបដាពាក្យស្លោក ទង់ជាតិ ទង់ជ្វាលា និងរៀបចំជាគ្រឿងសក្ការបូជា មានផ្កាភ្ញី ទៀនធូបជាដើម ដើម្បីថ្វាយរតនត្រ័យមាននំចំណី ផ្លែឈើជាដើម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដែមានរយៈពេល៣ថ្ងៃពេញ។

លោកបានបញ្ជាក់ទៀតថា ស្នងការនគរបាលខេត្ត អង្គភាពអាវុធហត្ថ យោធាឈរជើងក្នុងខេត្តបន្ទាយមានជ័យត្រូវមានផែនការជាក់ស្តែង និងសហការគ្នាការពារសន្តិសុខរបៀបរាបរយ សណ្តាប់ធ្នាប់សង្គម ដើម្បីបង្កភាពសប្បាយរីករាយនិងធានាសុវត្តិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិនិងអន្តរជាតិមុន និងក្រោយប្រារព្វពិធីបុណ្យប្រពៃណីចូលឆ្នាំរបស់ជាតិនេះឲ្យបានសុខសាន្ត។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ក្នុងរយៈពេលចូលឆ្នាំ៣ថ្ងៃនោះ មានល្បែងប្រជាប្រិយលេងកម្សាន្ត ដូចជា ល្បែងទាញព្រត្រ័ទាត់សី ល្បែងលាក់កន្សែង រាំវង់ កម្សាន្តនៅតាមទីវត្តអារាមនានា ហើយឆ្នាំនេះលោកអភិបាលខេត្តបានរៀបចំពិធីមហាសង្ក្រាន្តយ៉ាងធំនៅក្នុងសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងនោះមានរាំកម្សាន្តនៅពេលយប់គ្រប់៣រាត្រីទៀតផង។

លោក អ៊ុំ រាត្រី បានហាមប្រាមរាល់ល្បែងទាំងឡាយណាដែលនាំឲ្យខាតបង់អន្តរាយទ្រព្យសម្បត្តិ និងនាំឲ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់កិត្តិយស ផ្ទុយពីពីប្រពៃណីថ្លៃថ្នូររបស់ជាតិ ដូចជា ការប្រើអំពើហិង្សាបណ្តាលមកពីការរាំកម្សាន្តជាន់ជើងគ្នា ច្រណែនឈ្នាននីស ការលេងល្បែងស៉ីសង ល្បែងភ្នាល់ផ្សេងៗ ល្បែងជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ដល់អ្នកធ្វើដំណើរតាមផ្លូវ ត្រូវហាមដាច់ខាត។ ម៉្យាងវិញទៀតត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀនធូប ភ្លើងចង្ក្រាន ឬប្រើប្រាស់គ្រឿងឆេះផ្សេងៗ ដែលនាំឲ្យមានអគ្គិភ័យ និងត្រូវទប់ស្កាត់ ការដុតផាវ គ្រឿងផ្ទុះ គ្រាប់រំសេវ ដែលនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមជាដើម៕