(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងលោក Michael Oh-Lau នាយកប្រតិបត្តិនៃធនាគារ មេយប៊ែង អាយប៊ីជី ហូលឌីង លីមីតធីត (Maybank IBG) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ដីពី «កិច្ចសហប្រតិបត្តិការ និងក្របខណ្ឌជំនួយបច្ចេកទេស សម្រាប់ការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា» ដើម្បីបន្តអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះកាលពីថ្ងៃទី៩ ខែមករាឆ្នាំ២០២០។ ពិធីនេះ ធ្វើឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

ការបន្ត MOU នេះ ត្រូវបានរៀបចំឡើង ដើម្បីបន្តកិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកសម្រាប់ការអភិវឌ្ឍ ទីផ្សារមូលបត្រនៅកម្ពុជា ដែលបង្ហាញយ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការ របស់ភាគីទាំងពីរ លើគ្រប់ផ្នែកនៃការអភិវឌ្ឍទីផ្សារមូលបត្រ, ការចែករំលែកនូវស្តង់ដា និងឧត្តមានុវត្តន៍ដូចជា៖ ការគ្រប់គ្រង ហានិភ័យ, ក្របខណ្ឌច្បាប់, អភិបាល កិច្ចសាជីវកម្ម និងអនុលោមភាព, ការឆ្ពោះទៅរកឌីជីថល, ការគ្រប់គ្រងទ្រព្យសម្បត្តិ, ការអភិវឌ្ឍផលិតផល និងការរៀបចំឲ្យមានស្តង់ដាប្រព័ន្ធផ្តល់របាយការណ៍ហិរញ្ញវត្ថុ និងគណនេយ្យ។

លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា «MOU នេះ បង្ហាញពីទំនាក់ទំនងប្រកបដោយទំនុកចិត្តរវាងស្ថាប័នទាំងពីរ។ ខណៈពេលដែលវិស័យមូលបត្រនៅកម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍ ហើយក៏កំពុងអភិវឌ្ឍទៅមុខ ដូចនេះ យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការរបស់យើងជាមួយ Maybank IBG នឹងផ្តល់នូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់វិស័យមូលបត្រនៅកម្ពុជា តាមរយៈការចែករំលែកចំណេះដឹង និងជំនាញអភិវឌ្ឍផលិតផល ជាពិសេស គឺការទទួលបាននូវបទពិសោធន៍ ក៏ដូចជាប្រតិបត្តិការនវានុវត្តន៍ល្អៗ សម្រាប់ការគ្រប់គ្រងគម្រោងវិនិយោគរួមដែលទីផ្សារថ្មីនេះនឹងត្រូវដាក់ឱ្យដំណើរការ ក្នុងឆ្នាំ២០២៣នេះ»

ជាមួយគ្នានេះដែរ លោក Michael Oh-Lau បានលើកឡើងថា «យើងជឿជាក់ថា តម្រូវការរបស់វិនិយោគិនសម្រាប់ការវិនិយោគផ្នែកនវានុវត្តន៍នឹងកើនឡើង ខណៈពេលដែលវិនិយោគិនធនវុឌ្ឍិ និងវិនិយោគិនគុណវុឌ្ឍិនៅក្នុងប្រទេសកំពុងកើនឡើង។ ក្នុងនាមជាសមាជិកនៃក្រុមធនាគារធំជាងគេទីបួន ក្នុងតំបន់អាស៊ានដោយផ្អែកលើទ្រព្យសកម្ម យើងមានសេចក្តីសោមនស្សរីករាយ ដែលទទួលបានឱកាស ដើម្បីចែករំលែកបទពិសោធន៍ដ៏ចំណានរបស់យើងក្នុងភាពជាដៃគូនេះ។ យើងនៅតែប្តេជ្ញាគាំទ្រ ន.ម.ក. ក្នុងការអភិវឌ្ឍ ទីផ្សារមូលបត្រនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ ជាបេសកកម្មរបស់ Maybank IBG ក្នុងការជំរុញការអភិវឌ្ឍ ធនធានមនុស្សក្នុងសេវាហិរញ្ញវត្ថុ (Humanising Financial Services)»

ការចុះ MOU នេះ មានការចូលរួមពីអ្នកអង្គម្ចាស់ Tengku Zarina Tengku Chik នាយកប្រតិបត្តិនៃសាជីវកម្មអភិវឌ្ឍន៍វិស័យមូលបត្រ និងលោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិនៃធនាគារ Maybank Cambodia, តំណាងពីអគ្គលេខាធិការដ្ឋាននៃ អ.ស.ហ., និយ័តករ និងអង្គភាពក្រោមឱវាទនៃ អ.ស.ហ., ផ្សារមូលបត្រកម្ពុជា, ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីនៃ ន.ម.ក., ថ្នាក់ដឹកនាំ និងសហការីនៃ Maybank IBG និង Maybank Cambodia ផងដែរ៕