(កោះកុង)៖ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន និងក្រុមយុវជនសង្គមស៊ីវិល រួមនឹងអាជ្ញាធរឃុំជំនាប់ បានចុះជួបសំណោះសំណាលជាមួយប្រជាពលរដ្ឋមកពីឃុំជំណារ ឃុំជំនាប់ និងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ជាច្រើននាក់ ដើម្បីពន្យល់ពីផលប្រយោជន៍ពីការថែរក្សាធនធានធម្មជាតិនៅក្នុងតំបន់អារ៉ែង និងសក្តានុពលអេកូទេសចរណ៍ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ជៀសវាងការបំផ្លាញធនធានធម្មជាតិ។

បន្ទាប់ពីបានស្តាប់នូវការណែនាំរបស់មន្ត្រីជំនាញពីក្រសួងបរិស្ថានយ៉ាងលម្អិតពីផលប្រយោជន៍នៃការការពារបរិស្ថានរួច នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ប្រធានសហគមន៍ជនជាតិដើមភាគតិចជង រួមទាំងប្រជាពលរដ្ឋក្នុងតំបន់អារ៉ែង ក៏បានថ្លែងអរគុណដល់មន្រ្តីជំនាញក្រសួងបរិស្ថាន និងគោរពអរគុណដល់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខ ដែលបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងរមណីយដ្ឋានទេសចរណ៍នានាគ្រប់ទីកន្លែង​ ដើម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ដូចជាពលរដ្ឋនៅក្នុងតំបន់អារ៉ែងនេះតែម្តង។

នាឱកាសនោះដែរតំណាងប្រជាពលរដ្ឋនៅក្នុងតំបន់អារ៉ែង ក៏បានបន្តសំនូមពរដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បន្តជួយដល់តំបន់អារ៉ែងបន្ថែមទៀត។ បន្ថែមពីនេះបន្ទាប់ពីបានឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងជួយឱ្យតំបន់អារ៉ែងមានការអភិវឌ្ឍន៍ តំណាងប្រជាពលរដ្ឋរូបនេះក៏បានប្តេជ្ញាចិត្តនឹងបន្តគាំទ្ររាជរដ្ឋាភិបាលបន្តទៀត តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជន នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕