(បាត់ដំបង)៖ លោក សុខ លូ បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារទៀត ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃអាទិត្យ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។

ជនរងគ្រោះទាំង១០០គ្រួសារនោះ ក្នុងនោះឃុំតាសាញប៉ះពាល់ចំនួន៧២គ្រួសារ ឃុំអូរសំរិលប៉ះពាល់ចំនួន២៥គ្រួសារ និងឃុំស៊ុងប៉ះពាល់៣គ្រួសារ។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២១-៣១ ខែមីនា ឆ្នាំ២០២៣ ខេត្តបាត់ដំបងរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់កើតឡើងលើស្រុកចំនួន១១ ក្នុងឃុំចំនួន៣៣ឃុំ និងភូមិចំនួន៣៦ភូមិ បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន៥២១ខ្នង (៥២១គ្រួសារ) ប៉ះពាល់វត្តអាម សាលារៀន និងរន្ទះបាញ់ងាប់គោ ខូចខាតសម្ភារៈជាច្រើន។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេស មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ តង់១ និងមុង១ផងដែរ៕