(សៀមរាប)៖ កងទ័ពមួកខៀវ បានសហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ បានចុះជួសជុលផ្ទប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៣៤គ្រួសារ នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី កាលពីថ្ងៃទី៣១ ខែមីនាថ្មីៗនេះ។

កម្លាំងកងទ័ពមួកខៀវនេះ ដឹកនាំដោយលោក សែម រតនា តំណាងលោក សែម សុវណ្ណនី សមាជិករាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារចុះជួយស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រមទាំងបានចុះសួរសុខទុក្ខ និងនាំអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់រួមមាន៖ អង្ករ ចំនួន៨៥០គីឡូក្រាម, មី ចំនួន៣៤កេស, ទឹកត្រី ចំនួន៣៤យួរ និងតង់ ចំនួន ៣៤តង់។

ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី លោក សែម រតនា បានចូលរួមសោកស្តាយយ៉ាងក្រៃលែង ដល់បងប្អូនប្រជាពលរដ្ឋ និងគ្រួសារ ព្រមទាំងសំដែងនូវការសោកស្ដាយជាពន់ពេក ចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលបានជួបប្រទះនឹងទុក្ខលំបាកបង្កឡើងដោយគ្រោះធម្មជាតិភ្លៀងលាយឡំនឹងខ្យល់កន្ទ្រាក់ នាថ្ងៃទី៣១ ខែមីនា កន្លងមកនេះ។

លោកក៏បានក្រើនរំលឹកបន្ថែម ដល់ប្រជាពលរដ្ឋថារដូវនេះ ជាចុងរដូវប្រាំងក្កៅហួតហែង នៅពេលដែលភ្លៀងធ្លាក់ម្ដងៗ គឺតែងលាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះជាប្រចាំ ហេតុនេះហើយ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ រួមទាំងយកចិត្តទុកដាក់អោយបានខ្ជាប់ខ្ជួន ចំពោះសុខភាពផ្លាល់ខ្លួន និងកុមារតូចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗណាស់ក្នុងរដូវនេះផងដែរ។

តំណាងលោក សែម សុវណ្ណនី, លោក សែម រតនា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលតែងយកចិត្តទុកដាក់ ខ្វល់ខ្វាយដល់ប្រជាពលរដ្ឋ និងមានចិត្តប្រកបដោយសប្បុរសធម៌រាល់ក្រាដែលប្រជាពលរដ្ធជួបនូវទុក្ខលំបាកនានា។

សូមជម្រាបថា ករណីភ្លៀងលាយឡំខ្យល់កន្ត្រាក់ វេលាម៉ោង២រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ មានករណីខ្យល់កន្ត្រាក់កើតឡើងនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី បណ្ដាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៣២ខ្នង ក្នុងនោះរលំចំនួន១៥ខ្នង, របើកដំបូលផ្ទះ១៧ខ្នង, ខូចស័ង្កសីចំនួន ៧០៣សន្លឹ។ ផ្ទះទាំនោះភាគច្រើនផ្សារដែក ហើយ ជញ្ជាំង និងដំបូលប្រក់សង្ក័សី និងមួយចំនួនតូច ករជញ្ជាំងឥដ្ឋ ប្រក់ដំបូលស័ង្កសី ហេតុនេះផ្ទះមួយចំនួន ប្រសិនបើជួសជុលឡើងវិញលុះត្រាជាងផ្សារដែក ដែលមានឧបករណ៍គ្រប់គ្រាន់៕