(ភ្នំពេញ)៖ និស្សិត១៩៤នាក់នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ទទួលបានអាហារូបករណ៍ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សានៅសាកលវិទ្យាល័យចំនួន៣ គឺសាលកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាលកវិទ្យាល័យបញ្ញាជាតិ។

លោក ម៉ី វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុមទី៦) បានរៀបចំពិធីសំណេះសំណាល និងចែកលិខិតឧទ្ទេសនាមជូននិស្សិត អ.ម.ត ទាំង១៩៤នាក់ខាងលើ ដោយមានការចូលរួមពីអនុប្រធាន និងសមាជិក-សមាជិកានៃក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុមទី៦)។ កម្មវិធីនេះប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣ នៅសាលាជាតិគយ។

លោក ម៉ី វ៉ាន់ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់លោក ហ៊ុន ម៉ាណែត ប្រធានសមាគម អ.ម.ត ជូនដល់និស្សិតអាហារូបករណ៍ខាងលើ និងជូនពររៀនឱ្យទទួលបានសញ្ញាបត្របរិញ្ញាបត្រទាំងអស់គ្នា។ បង្ហាញឱ្យនិស្សិតបានស្វែងយល់អំពីតម្លៃដ៏ថ្លៃថ្លានៃអាហារូបករណ៍របស់សម្តេចទាំងទ្វេដែលបានផ្តល់ជូនសិស្ស និស្សិត។

លោក ម៉ី វ៉ាន់ បានស្នើឲ្យនិស្សិតអាហារូបករណ៍របស់សម្តេចតេជោចូលជាសមាជិក ក្នុងគោលដៅចូលរួមចំណែករក្សាសុខសន្តិភាពរបស់ប្រទេស ក៏ដូចជាពង្រឹងបាននូវគុណភាពសិក្សាដែលសិស្ស អ.ម.ត ត្រូវក្លាយជាទំពាំងស្នងឬស្សី ដើម្បីបន្តការកសាងប្រទេសឲ្យមានការលូតលាស់ បណ្តុះនូវគំនិតធ្វើកិច្ចការសង្គមដែលជាចរិតរបស់ខ្មែរយើង។

លោកប្រធានក្រុមទី៦ក៏បានបង្ហាញឱ្យនិស្សិតបានស្គាល់អំពីសមាគម អ.ម.ត និងក្រុមការងារទី៦។ ជំរុញនិស្សិតឱ្យចូលរួមរាល់សកម្មភាពការងារសង្គម តាមរយៈសមាគម អ.ម.ត និងក្រុមការងារទី៦។ បន្ទាប់មកទៀត ក្រុមការងារបានរៀបចំអាហារសាមគ្គីជូននិស្សិត អ.ម.ត ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល៕