(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២៥គ្រួសារនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ តាមរយៈលោក ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។

លោក ឃិន ញ៉ាណ បានថ្លែងនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្មេងកំព្រា ពិការ ក៏ដូចជាប្រជាពលរដ្ឋដែលជួបប្រទះនូវគ្រោះថ្នាក់ធម្មជាតិផ្សេងៗ។

លោកបានបញ្ជាក់ទៀតថា ជាក់ស្តែងថ្ងៃនេះសាខាកាកបាទកម្ពុជាខេត្តឧត្តរមានជ័យបាននាំអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២៥គ្រួសារ នៅឃុំបាក់អន្លូង និងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ដោយក្នុង១គ្រួសារទទួលបានមុង១ ក្រមា១ ភួយ១ សារុង១ អង្ក២៥គីឡូ មី១កេស ទឹកស៊ីអ៉ីវ១យួរ និងត្រីខ១យួរ។

លោក ឃិន ញ៉ាណ បានចូលរួមសោកស្តាយចំពោះហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលធ្វើឱ្យខូចខាចផ្ទះសំបែងប្រជាពលរដ្ឋ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នជានិច្ច ចំពោះហេតុការណ៍គ្រោះធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ ភ្លៀងផ្គរន្ទះ ដើម្បីការពារពីគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ៕