(ភ្នំពេញ)៖ នៅក្នុងឱកាសអបអរសាទរទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ ដែលនឹងឈានមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដ៏ប្រពៃថ្លៃថ្លាខាងមុខនេះ យើងឃើញសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក.បានរៀបចំព្រឹត្ដិកាណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ក្ដីស្រមៃនិងក្ដីសង្ឃឹម» ប្រកបដោយស្នាដៃសិល្ប: យ៉ាងរស់រវើកជូនដល់ភ្ញៀវទេសចរជាតិខ្មែរ និងអន្ដរជាតិយ៉ាងស្រស់បំព្រង។

តើការរៀបចំតុបតែង អង្គរសង្រ្កាន្ដប្រកបដោយស្នាដៃ «សិល្បៈ» មានសារៈសំខាន់យ៉ាងណា ចំពោះសង្គមខ្មែរ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើនិយាយអំពីឱកាសអបអរសាទរទទួលទេវតា ឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ ឆ្នាំ២០២៣ ខាងមុខនេះ ដែលស.ស.យ.ក. រៀបចំព្រឹត្ដិការណ៍អង្គរសង្រ្កាន្ដ ខួបគម្រប់១០ឆ្នាំ ដ៏អស្ចារ្យដើម្បីលើកស្ទួយនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងស្នាដៃសិល្ប:របស់បុព្វបុរសខ្មែរ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះសង្គមខ្មែរ។ ព្រោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចូលរួមអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ រួមទាំងបានផ្តល់ឱកាសឲ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់បន្ថែមអំពីផ្លែផ្កាដែលទទួលបានពីសន្តិភាព ផ្តល់ភាពរុងរឿងដ៏ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម។

បើនិយាយអំពី «សិល្ប:» មិនថាប្រជាជាតិខ្មែរយើង ឬបណ្ដាប្រជាជាតិនានាលើពិភពលោកទេ គឺសិល្ប:មានសក្តានុពល ឥទ្ធិពលលើវប្បធម៌ នយោបាយ សេដ្ឋកិច្ច និងប្រជាជាតិដ៏មានអានុភាពចំពោះសង្គមមនុស្ស។ ក្នុងការរចនា ច្នៃប្រឌិតឲ្យមានសោភ័ណ្ឌភាពយ៉ាងប្រណិត បញ្ជូន​ទៅ​អ្នក​ដទៃ​ដោយ​ចេតនា មានភាពទាក់ទាញប្រកបដោយថាមពលលើសង្គម វប្បធម៌ និងប្រជាជាតិ។

ព្រោះសិល្ប:បង្ហាញ​ពី​វប្បធម៌​មក​ពី​ជុំវិញ​ពិភពលោក ដែលមានទម្រង់និងទិដ្ឋភាពខុសៗគ្នាដើម្បីបង្កើតវប្បធម៌នៃគំនិតក្នុងការគិតនិងប្រត្តិបត្ដិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងទម្រង់ផ្សេងៗទៀតនៃការបែងចែកវណ្ណ:សង្គមដើម្បីធ្វើការផ្លាស់ប្តូរផ្លូវជីវិតឲ្យស្រស់ស្អាត។

បើពោលឲ្យខ្លី សិល្ប:គឺជា «គំនិតនិងបេះដូង» ដែលច្នៃប្រឌិតឡើងដើម្បី​បំផុស​គំនិត​ ឲ្យមានការចង់​ដឹង ចង់ឃើញ រំភើប ឬកំហឹង គឺជាអ្វីដែលសិល្បៈធ្វើឲ្យមានថាមពលនិងអំណាចចំពោះសង្គមមនុស្ស។

លោក រត្ន័ សណ្ដាប់ បន្ដថាស្ថិតក្នុងបរិការនេះសិល្ប: ជាផ្នែកមួយនៃវប្បធម៌ដែលទោះជាបានបញ្ជូន និងបញ្ចូលវាទៅក្នុងផ្នែកផ្សេងៗ នៃពិភពលោកក៏ដោយក៏សិល្បុ:នៅតែត្រូវបានរក្សាអត្តសញ្ញាណដើមរបស់ពួកគេ។ ព្រោះ​វា​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​ចិត្ត​មនុស្ស ដែលទាញបេះដូងនិងនាំឲ្យមានឥស្សរភាពដល់សង្គម និងមានឥទ្ធិពលដើម្បីធ្វើការផ្លាស់ប្តូរឲ្យមានភាពវិជ្ជមាន។

ហេតុនេះសិល្បៈ​មាន​សារៈ​សំខាន់​ខ្លាំងណាស់​ចំពោះសង្គមមនុស្ស ដូចជា៖

ទី១៖ លើកកម្ពស់ ការអប់រំមនុស្ស បង្កើតការយល់ដឹង អំពីអ្វីៗ ដែលមាននៅក្នុងពិភពលោក ឲ្យកាន់​តែ​មាន​សមភាព​គ្នាក្នុង​សង្គម។
ទី២៖ លើក​កម្ពស់​ការ​ឲ្យ​តម្លៃ​ខាង​វប្បធម៌​ពី​ជំនាន់​មួយ​ទៅជំនាន់​មួយ​ ឲ្យកាន់តែមានភាពច្នៃ​ប្រឌិត​ ភាព​វៃឆ្លាត សម្រាប់សិល្បៈ ប្រវត្តិសាស្ត្រ វប្បធម៌ និងប្រពៃណីរបស់ជាតិ។
ទី៣៖ លើកកម្ពស់ការនិយាយស្តី និងការបញ្ចេញមតិរបស់មនុស្សក្នុងសង្គមឲ្យ កាន់តែប្រសើរឡើងក្នុងវិស័យចំណេះដឹងផ្សេងទៀតនិងភាពថ្លៃថ្នូររបស់សង្គម។

លោក រត្ន័ សណ្ដាប់ បញ្ជាក់ថាហេតុនេះសិល្បៈគឺជាភាពដ៏ស្រស់ស្អាតត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីការឆ្លើយតបខាងអារម្មណ៍ ក្នុងការរចនា ភាពសុខដុមរមនា សាមគ្គីភាព ភាពសំបូរបែបខាងអរិយធម៌ដ៏រុងរឿង។ ទន្ទឹមនឹងនេះ បើសិល្ប: បែបអ្វីមួយដែលបង្កើតឡើងដោយការស្រមើលស្រមៃ បង្ហាញពីគំនិត ឬអារម្មណ៍ ដែលគ្មានមូលដ្ឋានគ្រឹះនៃវប្បធម៌ ដែលបង្កើតឡើងដោយខ្លួនឯង ក៏បាត់បង់ទៅវិញដោយឯកឯងក្នុងពេលតែមួយផងដែរ។

ដូច្នេះចំពោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលចេញពីផ្លែផ្កាទទួលបានពីសន្តិភាព គឺសិល្បៈត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងប្រព័ន្ធជំនឿខាងវិញ្ញាណ នៃទំនាក់ទំនងរវាងធម្មជាតិ មនុស្សជាតិ និងអាទិទេព។ ព្រោះសិល្បៈ គឺជាហត្ថលេខានៃអរិយធម៌ ជាសម្រស់នៃពេលវេលារបស់មនុស្សក្នុងការបោះយុថ្កាក្នុងប្រវត្តិសាស្ត្រ៕