(ភ្នំពេញ)៖ លោកបណ្ឌិត សាម អ៉ីន ប្រធានគណៈកម្មាធិការនាយកស្ដីទី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសលាលែងពីតំណែង រួមទាំងសមាជិកភាព របស់គណបក្សនេះហើយ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកបណ្ឌិត សាម អ៉ីន បានបញ្ជាក់សារយ៉ាងខ្លីដូច្នេះថា៖ « Goodbye my love ក្រោយពីការវាយតម្លៃស្ថានការណ៍គ្រប់ជ្រុងជ្រោយ និងសួរបេះដូងខ្ញុំជាច្រើនដង ខ្ញុំបានសម្រេចចិត្តលាឈប់ពីតួនាទីប្រធានគណៈកម្មាធិការនាយក(ស្តីទី) និងពីសមាជិកភាព គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាផ្លូវការ។ ការលាឈប់នេះមានសុពលភាពចាប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ Goodbye my love, GDP.»

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាគណបក្សក្រៅរដ្ឋាភិបាលមួយ ដែលបង្កើតឡើងកាលពីឆ្នាំ២០១៥។ គណបក្សនេះតែងចូលរួមការបោះឆ្នោតជាបន្តបន្ទាប់ ប៉ុន្តែពុំទទួលបានសម្រាប់ទទួល។

កាលពីពេលថ្មីៗនេះ សមាជិកសំខាន់ៗរបស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋានជាច្រើន ជាពិសេស លោកបណ្ឌិត យ៉ង សាំងកុមារ បានចាកចេញពីគណបក្សនេះ ទៅចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងសកម្មភាពរាជរដ្ឋាភិបាលផងដែរ ដើម្បីជួយលើកកម្ពស់វិស័យកសិកម្ម។

លោក សាម អ៊ីន បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រសួង ដែលលោកសម្លឹងមើល និងចង់ចូលទៅបម្រើការងារ គឺក្រសួងបរិស្ថាន។ លោក បន្ថែមថា លោក ចង់ប្រើប្រាស់ចំណេះជំនាញជួយរដ្ឋាភិបាលលើផ្នែកព្រៃឈើនិងបរិស្ថាន ដ្បិតលោកទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកគោលនយោបាយព្រៃឈើពីប្រទេសអាល្លឺម៉ង់ ហើយលោកក៏ធ្លាប់មានបទពិសោធក្នុងការចូលរួមការពារព្រៃឈើជាមួយប្រជាពលរដ្ឋតាមសហគមន៍នានាដែរ។  

លោក សាម អ៊ីន បញ្ជាក់ដូច្នេះថា៖ «មកដល់ពេលនេះ ខ្ញុំ គ្រាន់តែជម្រាបព័ត៌មានជូនលោកបណ្ឌិត យ៉ង សាំងកុមារ ហើយលោកអាចមានឱកាសជម្រាបព័ត៌មានបន្តជូនសម្តេចនាយករដ្ឋមន្រ្តី ឬយ៉ាងណា ខ្ញុំអត់ទាន់ដឹងព័ត៌មានច្បាស់លាស់ទេ។ ខ្ញុំគ្រាន់តែបញ្ជូនផែនការដែលខ្ញុំចង់ធ្វើអ្វីខ្លះទៅលោកបណ្ឌិត យ៉ង សាំងកុមារ»។