(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញមកច្រានចោលការផ្សាយព័ត៌មាន ដែលគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អង្គភាព និងរូបលោកផ្ទាល់ ពាក់ព័ន្ធការបំពេញតួនាទីភារកិច្ច ព្រមទាំងស្នើដល់អ្នកសារព័ត៌មានដែលបានចុះផ្សាយនោះ ធ្វើការកែសម្រួល ពិនិត្យខ្លឹមសារឡើងវិញ។

តាមរយៈសេចក្ដីប្រកាសបដិសេធដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ បានអះអាងថា ការផ្សាយព័ត៌មានដែលពុំមានប្រភពព័ត៌មានច្បាស់លាស់ បានដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អង្គភាព និងក្រុមគ្រួសារ និងបណ្ដាលធ្វើឲ្យបាត់បង់ទំនុកចិត្តពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ព្រមទាំងពីមហាជន និងប្រជាពលរដ្ឋ មកលើការដឹកនាំរបស់លោកផ្ទាល់។

លោកប្រធាននាយកដ្ឋាន បានធ្វើការបកស្រាយថា «ក្នុងនាមខ្ញុំជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ខ្ញុំតែងតែយកចិត្តទុកដាក់អនុវត្តនូវតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់ឲ្យ ក្នុងការការពារបូរណភាព អធិបតេយ្យភាពដែនសមុទ្រ និងបង្ការ​ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសដែលខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋដែលប្រកបមុខរបរ និងរស់នៅតាមតំបន់ព្រំដែនសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមកក្រោមការដឹកនាំរបស់ខ្ញុំ កងកម្លាំងនគរបាលការពារព្រំដែនទឹក តែងតែបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបរនៅលើផ្ទៃសមុទ្រ និងជួយសង្គ្រោះដល់ជនរងគ្រោះដែលជួបឧបទ្ទវហេតុផ្សេងៗ បានទាន់ពេលវេលា ជាពិសេសធ្វើការបង្ក្រាបបទល្មើសគ្រប់ប្រភេទបានជាបន្តបន្ទាប់។

ខ្ញុំមានការសោកស្ដាយជាពន់ពេក ដោយសារការចុះផ្សាយសារព័ត៌មានដែលបំភ្លឺពីការពិត ពុំមានមូលដ្ឋានគ្រប់ជ្រុងជ្រោយ និងធ្វើការសន្និដ្ឋានដោយគ្មានវិជ្ជាជីវៈ ហេតុដូចនេះ ខ្ញុំសូមបដិសេធទាំងស្រុងហើយខ្ញុំស្នើសុំឲ្យចាងហ្វាងសារព័ត៌មាន (SBM NEWS) ធ្វើការកែសម្រួល និងពិនិត្យនូវខ្លឹមសារឡើងវិញ ជៀសវាងមានការប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ និងក្រុមគ្រួសារ និងជះឥទ្ធិពលដល់ការដឹកនាំដល់អង្គភាព»៕