(ភ្នំពេញ)៖ ក្រោមគោលនយោបាយលើកកម្ពស់សេវាសុខភាពសាធារណៈឱ្យកាន់តែល្អ​ប្រ​សើរ ដើម្បីធានាការដណ្តើអាយុជីវិតប្រជាពលរដ្ឋពីជំងឺតម្កាត់ផ្សេងៗនោះ រាជរដ្ឋាភិបាល កម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើទំនើបកម្មទាំងលើការ​ព្យា​បាល និងបរិក្ខារពេទ្យ នៅតាមមន្ទីរពេទ្យជាច្រើននៅកម្ពុជា។

នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាសអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូង​ឃ្មុំ ចំនួនពីរអគារដ៏ស្កឹមស្កៃ ជាមួយការបំពាក់បរិក្ខារបម្រើការព្យាបាលដ៏ទំនើបៗជាច្រើន។

ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងការឧបត្ថម្ភគាំទ្ររបស់ សម្តេចតេជោ និង សម្តេចកត្តព្រឹទ្ធបណ្ឌិត គម្រោងអភិវឌ្ឍមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលជាមន្ទីរពេទ្យ បង្អែកមួយក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង៧ នៃខេត្តត្បូងឃ្មុំ បានចាប់ផ្ដើមនៅខែកក្កដា ឆ្នាំ២០២០។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលមានផ្ទៃដីត ១២,៦៤៧ម៉ែត្រការ៉េ បាន​ទិញ​ដីពង្រីកបន្ថែមចំនួន ៦,៧៥៥ម៉ែត្រការ៉េ ធ្វើឱ្យផ្ទៃដីសរុបកើនដល់ ១៩,៤០២ម៉ែត្រការ៉េ។

គម្រោងបានចាប់ផ្តើមសាងសង់អគារថ្មីចំនួន២ និងជួសជុលអគារចាស់ចំនួន១។ អគារថ្មី​ទី១ មានទំហំ ១៨ម៉ែត្រ គុណ ៦២ម៉ែត្រ មានកម្ពស់ ៤ជាន់ បើកការដ្ឋានសាងសង់​នៅថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២០ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២​មានបន្ទប់ពិនិត្យជំងឺទូទៅ, បន្ទប់សង្គ្រោះបន្ទាន់, បន្ទប់វះកាត់, បន្ទប់សម្រាកព្យាបាល, បន្ទប់​ពិសោធន៍វេជ្ជសាស្ត្រ, បន្ទប់អេកូសាស្ដ្រ, បន្ទប់X-Ray និងបានរៀបចំដាក់គ្រែ​សម្រាក​ព្យាបាល​បានចំនួន ២០០គ្រែ។

អគារថ្មីទី២ មានទំហំ ១៨ម៉ែត្រ គុណ ៦២ម៉ែត្រ មានកម្ពស់៤ជាន់ បើកការដ្ឋានសាង​សង់​​នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ មានបន្ទប់ពិនិត្យជំងឺទូទៅ, បន្ទប់សង្គ្រោះបន្ទាន់, បន្ទប់វះកាត់, បន្ទប់​សម្រាក​ព្យាបាលទូទៅ, បន្ទប់សម្ភព និងរោគស្ត្រី, បន្ទប់ព្យាបាលជំងឺកុមារ, បន្ទប់ព្យាបាល​ជំងឺ​មាត់​ធ្មេញ, បន្ទប់ពិសោធន៍វេជ្ជសាស្ត្រ, ឃ្លាំងបរិក្ខារវេជ្ជសាស្ត្រ ឃ្លាំងឱសថ និងដាក់​គ្រែ​សម្រាកព្យាបាល បានចំនួន ២០០គ្រែ។ នៅជាន់ទី៣ នៃអគារថ្មីទាំងពីរ មានបន្ទប់​គ្រូ​ពេទ្យ បន្ទប់វេជ្ជបណ្ឌិត បន្ទប់គ្រូពេទ្យប្រចាំការ និងបន្ទប់ស្នាក់នៅសម្រាប់​បុគ្គលិក​ ដែល រស់នៅទីឆ្ងាយ។

អគារចាស់ ត្រូវបានជួសជុល និងកែលម្អឡើងវិញ និងប្រើប្រាស់ជាអគាររដ្ឋបាល ឃ្លាំង​ឱសថឃ្លាំងសម្ភារៈ និងអាហារដ្ឋាន ព្រមទាំងបានជួសជុលអគារចំនួន ១អគារ សម្រាប់​បំពាក់បរិក្ខារផលិតអុកស៊ីហ្សែន។ ក្រៅពីនោះ គម្រោង ក៏បានសាងសង់ក្លោងទ្វារធំចំនួន ២ សាងសង់របងជុំវិញមន្ទីរពេទ្យសរុបប្រវែង ៥៥៨ម៉ែត្រ សាងសង់ឡដុត​កាកសំណល់​វេជ្ជសាស្ត្រចំនួន ១កន្លែង រៀបចំសួន និងដាំដើមធ្នង់បានចំនួន ២៣១ដើម ដើម្បីលើក​កម្ពស់​សោភណភាព និងកិច្ចការពារបរិស្ថាន ព្រមទាំងរៀបចំចំណតរថយន្តបានចំនួន ៣២ចំណត នឹងជួសជុលអតីតអគារមណ្ឌលសុខភាពមានទំហំទទឹង ៩ម៉ែត្រ​ បណ្ដោយ ១២ម៉ែត្រ ដាក់ម៉ាស៊ីនផលិតអុកស៊ីហ្សែនសម្រាប់បម្រើការផ្គត់ផ្គង់មន្ទីរពេទ្យ។

ជាមួយការកសាងហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា បានទទួលសម្ភារ បរិក្ខារវេជ្ជសាស្ត្រដែលជាជំនួយឥតសំណងនៃមូលនិធិ KUSANONE (គូសាណូណេ) របស់រដ្ឋ ភិបាលជប៉ុន ចំនួន ១៧ប្រភេទ ស្មើ ៣៧គ្រឿង សរុបជាទឹកប្រាក់ប្រមាណ ២៦៣,៧៦០ដុល្លារ និងបានប្រែក្លាយទៅជាមន្ទីរពេទ្យមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ល្អប្រសើរ ​និងបំពាក់ដោយឧបករណ៍ដ៏ទំនើបៗ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ Fresh News ថា ដោយមើលឃើញពីភាពចាំបាច់ក្នុងការផ្តល់សេវាគាំពារសុខភាពជូនប្រជា​ពលរដ្ឋ​នោះ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវបានធ្វើការអភិវឌ្ឍ និងដំឡើងកម្រិតជា មន្ទីរពេទ្យ​ផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២(CPA2) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

មន្ទីរពេទ្យកម្រិត២នេះ បម្រើសេវាជូនប្រជាពលរដ្ឋ ដូចជា ផ្នែកជំងឺទូទៅ, ផ្នែកសង្គ្រោះ​បន្ទាន់, ផ្នែកជំងឺវះកាត់, ផ្នែកជំងឺកុមារ, ផ្នែកសម្ភពនិងរោគ ស្ត្រី, ផ្នែកជំងឺរបេង, ផ្នែកទន្ត​សាស្ត្រ, ផ្នែករូបភាពវេជ្ជសាស្ត្រ, ផ្នែកមន្ទីរពិសោធន៍, ផ្នែកឱសថ និងអនាគតពង្រីក​សេវា​ផ្សេងៗបន្ថែមទៀត។

លោកស្រី យក់ សម្បត្តិ បានឱ្យដឹងផងដែរថា មន្ទីរពេទ្យ ក៏បានធ្វើកិច្ចសហការជាមួយ​មន្ទីរ​ពេទ្យជាតិ និងអង្គការដៃគូជាច្រើន ដើម្បីផ្តល់សេវាលើផ្នែកជំងឺដែលបានរៀបរាប់​ខាង​លើ។ ក្រៅពីមានកិច្ចសហប្រតិបត្តិការរវាងអង្គការដៃគូ និងមន្ទីរពេទ្យថ្នាក់ជាតិ ហើយ នោះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យមិត្ត​ភាពកម្ពុជា-ចិនត្បូងឃ្មុំ ចុះជួយទៅតាមផ្នែកតាមតម្រូវការជំនាញ។ មិនត្រឹមតែប៉ុណ្ណោះ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក៏បានបង្កើតបន្ថែមនូវសេវាមួយចំនួនដូចជា ផ្នែកសុខភាព​ផ្លូវ​ចិត្ត ដោយបាននឹងកំពុងបណ្តុះបណ្តាលបុគ្គលិកជំនាញ, ផ្នែកផ្តល់ថ្នាំពន្យារជីវិត(ARV) ជូនអ្នកជំងឺផ្ទុកមេរោគអេដស៍, មណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម​និងសេវា​ផ្សេងៗ​ទៀត ដែលជាតម្រូវការនៃការបម្រើសេវាដល់ប្រជាពលរដ្ឋនៅក្នុង​និងក្រៅតំបន់​ស្រុកក្រូច​ឆ្មារ។

លោកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់ថា «មន្ទីរពេទ្យនេះ មិនគ្រាន់តែផ្តល់សេវា​សង្គ្រោះ​អ្នកជំងឺ ឬសេវាវះកាត់ ឬបញ្ជូនប៉ុណ្ណោះទេ មន្ទីរពេទ្យនេះ ក៏នឹងក្លាយជាមន្ទីរពេទ្យ​អាចជួយបណ្តុះបណ្តាល និងបំពាក់បំប៉នសមត្ថភាពបុគ្គលិកនៅតាមស្រុកជិតខាង ក្នុងខេត្តត្បូងឃ្មុំ និងខេត្តនៅជិតនេះ។ ទៅថ្ងៃក្រោយនឹងមានការបញ្ជូនគ្រូពេទ្យជំនាញ ចុះជួយធ្វើការនៅក្នុងមន្ទីរពេទ្យនេះ ដើម្បីឱ្យក្លាយជាមន្ទីរពេទ្យមួយដ៏រឹងមាំ អាចគ្រប់គ្រង និងផ្តល់សេវាសំខាន់នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តជាប់ព្រំប្រទល់»

លោកស្រី យក់ សម្បត្តិ ក៏បានគូសបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះ គឺជាមន្ទីរ​ពេទ្យស្រុកដំបូងគេហើយ ដែលមានសមត្ថភាពខ្ពស់ក្នុងការព្យាបាលជំងឺ និងបំពាក់​ដោយ​បរិក្ខារពេទ្យទំនើបៗ។

ជាការកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យរបស់កម្ពុជាជាច្រើន​ត្រូវ​បានធ្វើទំនើបកម្មលើការព្យាបាល ជាមួយការបំពាក់បរិក្ខារយ៉ាងទំនើបៗ ដូចជាមន្ទីរពេទ្យ​មិត្ត​ភាព​កម្ពុជា-ចិន ខេត្តត្បូងឃ្មុំ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យ​កាល់​ម៉ែត​ជាដើម។ ការទំនើបកម្មការព្យាបាលដោយបំពាក់បរិក្ខារពេទ្យទំនើបៗនេះ នឹងធ្វើឱ្យការព្យាបាលអ្នកជំងឺកាន់តែមានប្រសិទ្ធភាពខ្ពស់៕