(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីការស្វាគមន៍ចំពោះលោកបណ្ឌិត សាម អ៉ីន ដែលមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោនឹងស្នើសុំព្រះមហាក្សត្រ ដើម្បីតែងតាំងលោកជារដ្ឋលេខាធិការក្រសួងបរិស្ថាន។

សម្ដេចតេជោបានបញ្ជាក់នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ មុននេះបន្តិចយ៉ាងដូច្នេះថា «មុននេះបន្តិច ខ្ញុំបានទទួលលិខិតពីបណ្ឌិត សាម អ៉ីន ស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះបណ្ឌិត សាម អ៉ីន ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា»

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា «ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំនឹងស្នើសុំព្រះរាជ្យក្រិត្យតែងតាំងបណ្ឌិត សាម អ៉ីន ជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីឲ្យស្របតាមជំនាញដែលគាត់មាន និងអាចធ្វើបាន»

បណ្ឌិត សាម អ៉ីន ប្រធានគណៈកម្មាធិការនាយកស្ដីទី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសលាលែងពីតំណែង រួមទាំងសមាជិកភាព របស់គណបក្សនេះហើយ។

បើតាមលិខិតស្នើរបស់ លោកបណ្ឌិត សាម អ៉ីន ដាក់ជូន សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ដោយបានស្វែងយល់អំពីគោលនយោបាយចតុកោណបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី ជាពិសេសគោលនយោបាយទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបណ្ណ (ចតុកោណទី៤ នៃយុទ្ធសាស្រ្តចតុកោណ) និងការងាររបស់ក្រសួងបរិស្ថានលើការគ្រប់គ្រងតំបន់ ការពារធម្មជាតិទូទាំងប្រទេស រួមទាំងការងារជួយគាំទ្រសហគមន៍តំបន់ការពារធម្មជាតិ ដែលរួមចំណែក យ៉ាងសំខាន់ដល់កិច្ចការពារធនធានធម្មជាតិ និងការកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទដាច់ស្រយាល ធ្វើឱ្យលោកមានទឹកចិត្តចង់ចូលរួមជួយការងារក្រសួងបរិស្ថាន ដោយសារខ្ញុំបាទមានជំនាញ ចំណេះដឹង បទពិសោធន៍ និងភាពពេញចិត្តលើកិច្ចការងារនេះ។

លោកបានបញ្ជាក់បន្ថែមថា៖ «អាស្រ័យហេតុនេះ ខ្ញុំបាទសូមចូលរួមជីវភាពនយោបាយជាមួយ គណបក្សបជាជនកម្ពុជាដើម្បីទទួលបានឱកាសចូលបម្រើការងារជួយរាជរដ្ឋាភិបាល ក្នុងក្រសួងបរិស្ថាន រួមចំណែកលើការងារគាំទ្រ សហគមន៍តំបន់ការពារ ការអភិវឌ្ឍអេកូទេសចរណ៍ និងការគ្រប់គ្រងតំបន់ការពារធម្មជាតិ»