(ភ្នំពេញ)៖ លោកបណ្ឌិត សាម អ៉ីន បានសម្តែងនូវភាពរីករាយ និងថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចផ្តល់ឱកាសឱ្យរូបលោក បន្ទាប់ពីចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក សាម អ៉ីន បានលើកឡើងដូច្នេះថា៖ «ក្រោយពីខ្ញុំបានផ្ញើរលិខិតសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន និងផែនការចង់ចូលរួមជួយក្រសួងបរិស្ថាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ និងផ្តល់ឱកាសឱ្យខ្ញុំបានបម្រើការងារក្នុងក្រសួងបរិស្ថាន ជារដ្ឋលេខាធិការ ក្រោមការដឹកនាំរបស់ ឯ.ឧ សាយ សំអាល់ ជារដ្ឋមន្រ្តី»

លោកបា​នបន្តថា៖ «ខ្ញុំរីករាយចំពោះការទទួលបានឱកាសដ៏ល្អនេះ និងត្រៀមខ្លួនចូលរួមជួយការងារក្រសួង ឱ្យអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាពដែលមាន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចនាយករដ្ឋមន្រ្តី និង ឯ.ឧ រដ្ឋមន្រ្តី ដែលផ្តល់ឱកាស និងការគាំទ្រចំពោះសំណើររបស់ខ្ញុំ។ ខ្ញុំយល់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកមានទឹកចិត្តដូចមហាសមុទ្រ ដែលទឹកអាចហូរចូលពីគ្រប់ច្រកល្ហក ហើយមិនធ្វើឱ្យទឹកសមុទ្រខូចគុណភាពទេ»

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី០២ ខែមេសានេះ បានប្រកាសស្វាគមន៍ចំពោះលោកបណ្ឌិត សាម អ៉ីន ដែលមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយសម្ដេចតេជោនឹងស្នើសុំព្រះមហាក្សត្រ ដើម្បីតែងតាំងលោកជារដ្ឋលេខាធិការក្រសួងបរិស្ថាន។

បណ្ឌិត សាម អ៉ីន ប្រធានគណៈកម្មាធិការនាយកស្ដីទី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសលាលែងពីតំណែង រួមទាំងសមាជិកភាព របស់គណបក្សនេះហើយ៕