(សៀមរាប)៖ តាមរយៈលោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប អណ្ដូងទឹកស្អាចខ្នាត់ធំចំនួន២៥អណ្ដូង ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង និងស្រុកពួក ខេត្តសៀមរាប ដែលបានពីគម្រោងជំនួយមនុស្សធម៌ផ្ដោតលើការផ្ដល់អណ្ដូងទឹកស្អាតដើម្បីវឌ្ឍនភាពសហគមន៍ ក្រោមប្រធានបទ «និរន្តរភាពទឹកស្អាត»

ពិធីប្រគល់និងទទួលអណ្ដូងទឹកស្អាតខ្នាតធំទាំង២៥អណ្ដូងនាថ្ងៃនេះ គឺស្ថិតក្នុងអធិបតីភាពរបស់លោកឧកញ៉ា សៀង ណាំ និងមានវត្តមានចូលរួមពីប្រធាននិងប្រតិភូ ម៉ែវលិ ណានហ្វុនឡៃអិន ក្លិប ៣០នាក់ និងលោកអភិបាលស្រុកនៃស្រុកទាំងពីរ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណ៥០០នាក់ផងដែរ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។

បើតាមរបាយការណ៍របស់ប្រធានក្លិបបានបញ្ជាក់ថា អណ្ដូងទឹកស្អាតខ្នាតធំទាំង២៥ ដែលបានសាងសង់រួចរាល់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់នៅពេលនេះ គឺនៅស្រុកប្រាសាទបាគងចំនួន១១អណ្ដូង និងនៅស្រុកពួកចំនួន១៤អណ្ដូង។ អណ្ដូងទឹកស្អាតទាំង២៥អណ្ដូងនេះ គឺចំណាយទឹកប្រាក់ជាង៣៦,០០០ដុល្លារអាមេរិក ដែលជាការផ្ដួចផ្ដើម និងឧបត្ថម្ភដោយ ម៉ែវលិ ណានហ្វុនឡៃអិន ក្លិប ៣០០ តំបន់ G1 (Lions Clubs International 300 G1 former District Governor)។

លោកឧកញ៉ា សៀង ណាំ បានថ្លែងអំណរគុណចំពោះទឹកចិត្តមនុស្សធម៌របស់ប្រធាន និងប្រតិភូ ព្រមទាំងសប្បុរសជនទាំងអស់ពីម៉ែវលិ ណានហ្វុនឡៃអិន ក្លិប ដែលបានជួយឧបត្ថម្ភអណ្ដូងទឹកស្អាតខ្នាតធំ ជូនចំពោះប្រជាពលរដ្ឋនៅស្រុកទាំងពីរខាងលើនេះ សម្រាប់ការមានទឹកស្អាតប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់៕