(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក រ៉ូហ្វី អូស្មាន អនុប្រធានសមាគមមូស្លីមកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនដល់សាសនិកឥស្លាមនៅក្នុងខែរ៉ាម៉ាទន (ខែបួស) ចំនួន៥៣០គ្រួសារ នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនាឡើយ។

លោកអភិបាលខេត្តផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមឲ្យជួយរក្សាសុខសន្តិភាព ដែលប្រទេសកម្ពុជាយើងកំពុងតែមានស្រាប់ ពីព្រោះកត្តាលសុខសន្តិភាពនេះបាននាំមកនូវការរីកចម្រើនលើគ្រប់វិស័យ និងធ្វើឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើងផងដែរ។

សូមបញ្ជាក់ថាការចែកជូនកញ្ចប់អាហារស្រាយបួសសម្រាប់ប្រជាពលរដ្ឋចំនួន៥៣០គ្រួសារនេះ គឺមានឯកសណ្ឋានថ្វាយបង្គំ​ចំនួន២០០ ឯកសណ្ឋានសម្រាប់យុវជន ស.ស.យ.ក និងសម្ព័នយុវជន CMYA និងថវិការជូនដល់គ្រូបង្រៀនស្ម័គ្រចិត្តខ្មែរឥស្លាមចំនួន៣០រូប ដែលបានចំណាយថវិកាសរុបចំនួន៤៦,០៥០,០០០រៀល ស្មើនឹង១១,៣៧០ដុល្លាសហរដ្ឋអាមេរិក៕