(ភ្នំពេញ)៖ នៅទីបំផុតនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ លោក ងួន ងីម អតីតជាមនុស្សជំនិត និងជាអតីតអង្គរក្សាការពារលោក សម រង្ស៉ី បានចេញមុខទម្លាយការពិត និងអះអាងយ៉ាងច្បាស់ថា ករណីផ្ទុះគ្រាប់បែកនៅខាងមុខរដ្ឋសភាកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ គឺលោក សម រង្ស៉ី ជាអ្នកប្រឌិត និងអាចជាអ្នករៀបចំផែនការករណីបោកគ្រាប់បែកនេះផងដែរ ហើយលោក សម រង្ស៉ី គ្មានរងរបួសកន្លែងណាមួយនោះទេ។

នេះបើយោងតាមវិដេអូលោក ងួន ងីម ថ្លែងទម្លាយការពិត ដែលត្រូវបានបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ។

លោក ងួន ងីម បានថ្លែងអះអាងថា ពេលលោក (ងួន ងីម) ជិះឡានជាមួយលោក សម រង្ស៉ី ទៅកាន់មុខរដ្ឋសភាជាតិភ្លាម មានគេគប់គ្រាប់បែកផ្ទុះលើក្រុមបាតុករ លោក សម រង្ស៉ី ហាក់បីដូចគាត់ដឹងមុន (មិនមែនគប់ សម រង្ស៉ី) ហើយ សម រង្ស៉ី បានរត់គេចពីកន្លែងកើតហេតុ ក៏ប៉ុន្តែត្រូវបានអង្គរក្សប្រាប់វិញថា កុំរត់ទៅណា ត្រូវនៅជាមួយអ្នករងគ្រោះ ដើម្បីឲ្យអ្នកគាំទ្រមានជំនឿ ភ្លាមៗគាត់រត់ទៅសម្តែងធ្វើជាឱបអ្នករងរបួស ធ្វើឲ្យខោអាវរបស់គាត់ប្រឡាក់ឈាម ដើម្បីឲ្យគេមើលឃើញថា គាត់ត្រូវរងបួស និងមិនរត់ចោលអ្នកគាំទ្រ ប៉ុន្តែតាមការពិតលោក សម រង្ស៉ី គ្មានត្រូវរបួសណាមួយនោះទេ។

សូមស្តាប់លោក ងួន ងីម អតីតអង្គរក្សការពារលោក សម រង្ស៉ី ចេញមុខទម្លាយការពិតរឿងបោកគ្រាប់បែកនៅខាងមុខរដ្ឋសភា៖