(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមេក្លោងចំនួន២នាក់ ក្នុងករណីជួញដូរគ្រឿងញៀនឆ្លងដែន និងរឹបអូសគ្រឿងញៀនជាង៤០គីឡូក្រាម។

អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨៖៣០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយលោកវរសេនីយ៍ទោ គង់ នៅ នាយរងការិយាល័យ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការបង្ក្រាបនេះ កម្លាំងជំនាញបាន​ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ ប៉ាវ វាំង ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិឡាវ និង២-ឈ្មោះ សុខ តាំង ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិវៀតណាម។ ដោយចាប់យកវត្ថុតាងរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ជាង៤០ គីឡូក្រាម, រថយន្ត១គ្រឿងពណ៌ស ម៉ាក High Lander ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី។

សូមជម្រាបថា រយៈពេលចុងក្រោយនេះ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរ បានខិតខំបំពេញការងារជំនាញរបស់ខ្លួនយ៉ាងសកម្ម បង្ក្រាបបាននូវករណីជួញដូរគ្រឿងញៀនធំៗជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែលជំរុញឲ្យកម្លាំងជំនាញខិតខំប្រឹងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យអស់ ពិសេសបទល្មើសធំៗ៕