(វៀងច័ន្ទន៍, ឡាវ)៖ នៅរាត្រីថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ជូនដល់មេដឹក​នាំ​កំពូល ប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ។

ក្នុងពិធីនោះប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃបណ្តាប្រទេសមេគង្គ ត្រូវបានការធ្វើ​គារវ​កិច្ច​​ស្វាគមន៍​​យ៉ាងស្និទ្ធស្នាលពីលោនាយករដ្ឋមន្ត្រីឡាវ មុនពិធីលៀងសាយភោជន៍​ពេល​រាត្រី​ចាប់ផ្តើម។

ថ្លែងសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍ពេលរាត្រី លោកនាយករដ្ឋមន្ត្រីឡាវ ក្នុងនាម​រដ្ឋា​ភិបាល និងប្រជាជនឡាវ សម្តែងការស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ជូនចំពោះ​ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃប្រទេសមេគង្គ ក៏ដូចជាដៃគូអភិវឌ្ឍន៍ទាំងអស់របស់ គណៈកម្មការទន្លេមេគង្គ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកចូល​រួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅរដ្ឋធានីវៀងចន្ទន៍ ដ៏ស្រស់បំព្រង។

លោកនាយករដ្ឋមន្ត្រីឡាវ បានលើកឡើងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ គឺ ពិតមានតម្លៃខ្លាំងណាស់ ដើម្បីពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែល​គណៈកម្មការទន្លេមេគង្គសម្រេចបាន តាមរយៈការលើកកម្ពស់​កិច្ចខិតខំប្រឹង​ប្រែង​រួម​គ្នា និងភាពជាដៃគូ ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប​ដោយចីរភាព​ក្នុង​អាង​ទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ​២០១៨ នៅប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្ត្រីឡាវ បានលើកឡើងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ ក៏នឹង​ពិភាក្សា​អំពី​បញ្ហាប្រឈម ដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ និងកំណត់ទិសដៅ​យុទ្ធ​សាស្ត្រនាពេលអនាគត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ។

លោក សនសៃ ស៊ីផាន់ដន បានប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនថ្នាក់ដឹកនាំប្រទេសមេគង្គ មានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ក្នុងឱកាសនៃការស្នាក់អាស្រ័យនៅរដ្ឋធានីវៀងចន្ទន៍។ ជាពិសេសការចូលរួមពិភាក្សាឱ្យបានផុលផុសលើមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក ប្រកបដោយចីរភាព» ក្នុងកិច្ចប្រជុំកំពូលមេគង្គលើកទី៤ ដើម្បីបម្រើឱ្យឧត្តមប្រយោជន៍រួម នៃបណ្តាប្រទេសមេគង្គ និងបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់៕