(កែប)៖ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកែប និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារ័ត្ន ស្នងការនគរបាលខេត្តកែប បានលើកឡើងក្នុងរបាយការណ៍ថា លទ្ធផលការងាររបស់ស្នងការដ្ឋាននគរបាលខេត្ត ដែលសម្រេចបាននៅឆ្នាំ២០២២កន្លងទៅ និងបង្ហាញអំពីការប្ដេជ្ញាចិត្តមួយចំនួន សំដៅបន្ដការពារធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្ដ ពិសេសអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។

ក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធ រក្សាឲ្យបាននូវសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសង្គមឲ្យបានរឹងមាំ សម្រាប់បន្តអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយនិរន្តរភាព។ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម អោយបានគ្រប់ទីកន្លែងក្នុងភូមិសាស្រ្តខេត្តកែប។ ការងារនេះ ទាមទារឲ្យមានការអនុវត្តច្បាប់ ខិតខំលើកម្ពស់សមត្ថភាព ជំនាញវិជ្ជាជីវៈ និងមានភាពស្មោះត្រង់ក្នុងការងារ លើកម្ពស់ជាប្រចាំ នូវមនសិការវិជ្ជាជីវៈ ដើម្បីរួមសហការគ្នាក្នុងការ បង្ការទប់ស្កាត់បង្រ្កាប និងប្រឹងប្រែងកាត់បន្ថយបទល្មើស ឲ្យបានថយចុះជាអតិបរិមារ។

ទន្ទឹមនេះត្រូវខិតខំចលនាប្រជាជន ស្ថាប័នអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម តាមរយៈការកំណត់គោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានជាប់ជាប្រចាំជាបន្តទៀត។

ជាមួយគ្នានេះ បញ្ហាដែលជាការព្រួយបារម្ភនោះ គឺគ្រោះថ្នាក់ចរាចរណ៍ក្នុងសង្គម នៅតែមានការកើនឡើងជារៀងរាល់ឆ្នាំ សំខាន់គ្រោះថ្នាក់ចរាចរណ៍។ ដើម្បីដោះស្រាយបញ្ហាប្រឈម កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់រួមគ្នា ពង្រឹងការអនុវត្តឲ្យបានម៉ឺងម៉ាត់ ស្តីពីចរាចរណ៍ផ្លូវគោក ដែលកំពុងបង្កើនការអប់រំជាប្រចាំ ដល់សាធារណៈជន ឲ្យកាន់តែមានការយល់ដឹង និងគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួន។

លោកបន្ថែមទៀតថា ត្រូវបន្តខិតខំស្រាវជ្រាវ និងសិក្សាឲ្យបានស៊ីជម្រៅ ការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ តាមករណីជាក់ស្តែងនីមួយៗ ដើម្បីមានគោលការណ៍ និងវិធានការណ៍ដោះស្រាយឲ្យបានសមស្រប និងទាន់ពេលវេលា។ ជាមួយគ្នានេះ ត្រូវបង្កើនវិធានការទប់ស្កាត់ នូវការនេសាទខុសច្បាប់ បញ្ហាគ្រឿងញៀន និងការគ្រប់គ្រង និងអប់រំក្មេងទំនើង នៅគ្រប់ច្រកល្ហក ក្នុងដែនដីសមត្ថកិច្ចទូទាំងខេត្ត ហើយបន្តខិតខំផ្តល់សេវាជូនពលរដ្ឋ ឲ្យឆាប់រហ័សមានតម្លាភាព និងគណនីភាព ជាអាទិ៍ ការងារអត្តសញ្ញាណប័ន សៀវភៅគ្រួសារ ជាដើម។

លោកអភិបាលខេត្ត បានណែនាំឲ្យជំរុញ និងការពន្លឿនសកម្មភាពអនុវត្តន៍ គម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋបាលខេត្ត ដែលកំពុងអនុវត្តចំពោះមុខស្នងការនគរបាលខេត្ត បណ្តាអង្គភាពពាក់ព័ន្ធ ក្នុងយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវត្រៀមរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងពិធីបុណ្យសមុទ្រ ជុំទី៤ លើកទី១០ ដែលខេត្តកែបធ្វើជាម្ចាស់ផ្ទះ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត ក៏បានបង្ហាញនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្វីដែលស្នងការដ្ឋាននគរបាលខេត្តកែប សម្រេចបាននាពេលកន្លងទៅ និងគាំទ្រនូវអ្វីដែលជាការប្ដេជ្ញាចិត្តរបស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារ័ត្ន ស្នងការនគរបាលខេត្តកែប។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផលល្អប្រសើរដូចខាងលើ សូមឲ្យកងកម្លាំងនគរបាលជាតិ ខិតខំបន្ថែមទៀតក្នុងការបង្កើនសមត្ថភាព បំប៉នជំនាញបន្ថែម និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្លាំងពាក់ព័ន្ធ ដើម្បីគ្រប់គ្រងសភាពការណ៍ ការពារសន្តិសុខសណ្ដាប់ធ្នាប់ នូវព្រឹត្តិការណ៍ធំៗ នៅក្នុងប្រទេស ដូចជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ និងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម ឲ្យសម្រេចបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ទៀត។

លោកឧត្តមសេនីយ៍ឯក លន់ សុផាត បានណែនាំឲ្យពង្រឹងសមត្ថភាពបន្ដជាប្រចាំ ប្រមូលផ្ដុំកម្លាំងនៅអង្គភាព ព្រមទាំងរក្សាសាមគ្គីភាពផ្ទៃក្នុង ព្រោះជោគជ័យកន្លងមក គឺកើតចេញពីការសាមគ្គីភាពរបស់គណៈស្នងការ និងមន្ដ្រីទាំងអស់៕