(ពោធិ៍សាត់)៖ ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយច្បាប់ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ជូនដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធ នៅសាលាខេត្តពោធិ៍សាត់ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៥ ខែមេសា ឆ្នាំ២០២៣។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្ត។

សិក្ខាសាលានេះមានគោលបំណងបញ្ច្រាបការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងការការពារ ការគ្រប់គ្រង ការអភិរក្សបរិស្ថាននិងធនធានធម្មជាតិ ព្រមទាំងចែករំលែកផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ពង្រឹងដល់មន្ត្រីអនុវត្តន៍ច្បាប់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមចំណែកថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ។ ម្យ៉ាងវិញទៀត ដើម្បីចែករំលែកការយល់ដឹង ដល់សិក្ខាកាមអំពីតួនាទីភារកិច្ច និងការកសាងសំណុំរឿងរបស់នគរបាលយុត្តិធម៌ ពង្រឹងក្របខណ្ឌ នៃការអនុវត្តច្បាប់ ​និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិ។

សិក្ខាសាលានេះ មានប្រធានបទចំនួន១០ គឺទី១៖ ទស្សនាទាននៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការលើវិស័យបរិស្ថាន, ទី២៖ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិទី៦ អនាម័យ សោភ័ណភាព និងមានបរិស្ថានល្អ, ទី៣៖ ការពង្រឹងសេវាគ្រប់គ្រងសម្រាម និងសំណង់រឹងក្នុងទីប្រជុំជន, ទី៤៖ គោលការណ៍ណែនាំ ក្នុងការប្រើប្រាស់មធ្យោបាយ សម្ភារៈ ដែលក្រសួងបរិស្ថានប្រគល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ, ទី៥៖ ការស្វែងយល់ពីតួនាទី និងភារកិច្ចរបស់អគ្គារធិការដ្ឋាន និងផ្នែកខ្លះនៃច្បាប់ ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា, ទី៦៖ សញ្ញាទូទៅនៃទ្រព្យសម្បត្តិរដ្ឋ, ទី៧៖ តំបន់ការពារធម្មជាតិសញ្ញាណទូទៅ នៃច្បាប់ស្ដីពីការប្រឆាំង ការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ទី៨៖ ច្បាប់បទល្មើសពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរដ្ឋ, ទី៩៖ អំពីតួនាទីរបស់នគរបាលយុត្តិធម៌ និងទី១០៖ នីតិវិធីកសាងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ដើម្បីធ្វើការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព តម្រូវឱ្យមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបអាចសម្រេចតាមផែនការ និងគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំ ដែលតែងយកចិត្តទុកដាក់ និងគិតគូរដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីជាឧត្តមប្រយោជន៍ ដល់កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា៕