(ត្បូងឃ្មុំ)៖ នាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅ អនុវិទ្យាល័យ និងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ប្រមាណជាង២០០នាក់ ទទួលបានការអប់រំ ផ្សព្វផ្សាយតាមរយៈការធ្វើបទបង្ហាញស្តីពីសុវត្ថិភាពម្ហូបអាហារ ពីសំណាក់មន្ត្រីជំនាញ នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងក្លាយបន្លំ (ក.ប.ប) ខេត្តត្បូងឃ្មុំ។

ការចុះអប់រំផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងក្លាយបន្លំ ខេត្តត្បូងឃ្មុំ និងមន្ត្រីជំនាញសាខា (ក.ប.ប) ខេត្ត។

ក្នុងឱកាសនោះមន្ត្រីជំនាញ បាននាំយកនូវផ្ទាំងរូបភាពសម្រាប់ធ្វើបទបង្ហាញ ជូនដល់សិស្សានុសិស្សពាក់ព័ន្ធបច្ចេកទេសក្នុងការជ្រើសរើសទំនិញ ដែលមានគុណភាពល្អ យកទៅប្រើប្រាស់ជៀសវាងទិញទំនិញដែលគ្មានគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញដែលមិនអនុលោមតាមច្បាប់ ដែលបង្ករទុក្ខទោសដល់សុខភាព។

ប្រធានសាខាក.ប.ប ខេត្ត បានធ្វើបទបង្ហាញ និងលើកឡើងថា ការចុះផ្សព្វផ្សាយនាពេលនេះ គឺដោយយោងតាមកិច្ចព្រមព្រៀង ពីសំណាក់លោករដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមានការសំណូមពរពីសំណាក់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការចុះអប់រំ ផ្សព្វផ្សាយ និងធ្វើបទបង្ហាញ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនដល់សិស្សានុសិស្ស និស្សិតតាំងពីមេត្តេយ្យសិក្សាដល់ឧត្តមសិក្សា នៅទូទាំងខេត្តត្បូងឃ្មុំ។

មន្រ្តីជំនាញ ក.ប.ប ខេត្ត បានអនុវត្តតាមការណែនាំ របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងក្លាយបន្លំ (ក.ប.ប) ដោយបានដាក់ផែនការ ក្នុងការចុះផ្សព្វផ្សាយ តាមបណ្តាសាលារៀន ទាំងមត្តេយ្យសិក្សា ដល់ឧត្តមសិក្សា នៅក្នុងខេត្តត្បូងឃ្មុំ ស្តីពីសុវត្ថិភាពម្ហូបអាហារ ដោយធ្វើការអប់រំផ្សព្វផ្សាយដល់សិស្ស និស្សិត អ្នកលក់ដូរក្នុងសាលា និងលោកគ្រូ អ្នកគ្រូ ក្នុង ១ខែ ឱ្យបានយ៉ាងតិច ២ លើក រៀងរាល់ខែ។

លោកប្រធានសាខា ក.ប.ប ខេត្ត បានបន្តថា ការចុះអប់រំផ្សព្វផ្សាយនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងអំពីគុណភាពសុវត្ថិភាព ម្ហូបអាហារដល់អ្នកប្រើប្រាស់ ជ្រើសរើសយកចំណីអាហារណាល្អ សម្រាប់បរិភោគ ឱ្យមានស្តង់ដាចំណីអាហារច្បាស់លាស់ប្រកបដោយគុណភាព។ បច្ចុប្បន្ននេះ ចំណីអាហារកាន់តែមានកើនឡើង ការបង្រ្កាបពីសំណាក់មន្រ្តីជំនាញនៅតែសស្រាក់សស្រាំ ជាពិសេសនាពេលថ្មីៗនេះ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបានយកចិត្តទុកដាក់ខ្ពស់លើការនាំចូលសាច់បង្កក នៅតាមបណ្តាច្រកព្រំដែននានា ជៀសវាងការប្រើប្រាស់ចំណីអាហារណាដែលហួសសុពលភាព និងគ្មានកាលបរិច្ឆេតច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព។

លោក សាន វិជ្ជាសារ៉ាវុធ បានគូសបញ្ជាក់ថា សាខា ក.ប.ប ខេត្ត បានអនុវត្តតាមអនុសាស្រ្ត ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ចំពោះច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដោយតម្រូវឱ្យអាជីវករ សេវាករ និងពាណិជ្ជករទាំងអស់ ត្រូវបិទស្លាកតម្លៃលើមុខទំនិញ ឬសេវាកម្មគ្រប់ប្រភេទ នៅទូទាំងប្រទេសកម្ពុជា។

សូមជម្រាបជូនថា ការអប់រំ ផ្សព្វផ្សាយ និងការធ្វើបទបង្ហាញស្តីពីសុវត្ថិភាពម្ហូបអាហារ ក៏មានការលើកជាសំណួរយ៉ាងផុសផុលពីសំណាកប្អូនៗសិស្សានុសិស្សប្រមាណ ២៥នាក់ ឡើងចោទសួរទាក់ទងនឹងម្ហូបអាហារដែលដាក់តាំងលក់នៅលើទីផ្សារ និងបញ្ហាផ្សេងៗទៀតទាក់ទងនិងសុវត្ថិភាពម្ហូបអាហារ។

ហើយមន្ត្រីជំនាញបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយអំពីនីតិវិធី បច្ចេកទេស និងបទពិសោធន៍ផ្សេងៗពាក់ពន្ធ និងសុវត្ថិភាពម្ហូបអាហារជូនដល់ប្អូនៗសិស្សានុសិស្ស ព្រមទាំងមានរង្វាន់ ជាសៀវភៅ និងប៊ិក ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលសេចក្តីក្លាហានក្នុងការឡើងសួរសំណួរ ក្រោមបរិយាកាសសប្បាយរីករាយប្រកបដោយស្នាមញញឹម៕