(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានបអំពាវនាវឱ្យប្រជាជនកម្ពុជាគ្រប់រូបចូលរួមគាំទ្រ និងទិញផលិតផលខ្មែរយកទៅប្រើប្រាស់ឱ្យបានច្រើនក្រោមស្មារតី «រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ»។

តាមរយៈសារលិខិតអបអរទិវាជាតិលេីកកម្ពស់ការប្រេីប្រាស់ផលិតផលខ្មែរ លេីកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាទិញផលិតខ្មែរ គឺបង្កេីតការងារជូនពលរដ្ឋខ្មែរ» ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានសូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍ និងវិស័យឯកជនទាំងអស់បន្តកិច្ចសហការជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជួយអភិវឌ្ឍផលិតផលខ្មែរឱ្យកាន់តែមានភាពសម្បូរបែប និងមានឧត្តមភាពទីផ្សារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងបរិបទនៃការអភិវឌ្ឍប្រទេសឈានទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ កម្ពុជាបានក្លាយទៅជាប្រទេសផលិតផលិតផលសម្រាប់ខ្លួនឯងផង និងសម្រាប់ការនាំចេញផងដែលកត្តាទាំងនេះទាមទារឱ្យរាជរដ្ឋាភិបាលត្រូវកសាងមូលដ្ឋានចាំបាច់ជាច្រើនបន្ថែមទៀត ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងធនធានមនុស្ស និងទាំងថ្នាលបច្ចេកទេសនានា ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍក្នុងសម័យសាកលភាវូបនីយកម្ម។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពេលវេលាប្រមាណសាមសិបឆ្នាំមុន ដែលរាជរដ្ឋាភិបាលបានហែលឆ្លងស្ថានភាពដ៏លំបាកលំបិនមួយដែលស្ថានភាពពេលនោះគឺដៃម្ខាងត្រូវខិតខំបញ្ចប់សង្គ្រាម ស្វែងរកសុខសន្តិភាព និងដៃម្ខាងទៀតគឺប្រឹងកសាង ស្តារឡើងវិញ និងអភិវឌ្ឍប្រទេស រហូតឈានដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមបានទាំងស្រុងក្រោមនយោបាយឈ្នះ ឈ្នះ ដែលនាំប្រទេសជាតិយើងឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។ សន្តិភាព និងការអភិវឌ្ឍ គឺជាចំណងទំនាក់ទំនងគ្នាដែលមិនអាចកាត់ផ្តាច់បាន។ ដូច្នេះយើងត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាពដើម្បីរួមសហការគ្នាជំរុញល្បឿននៃការអភិវឌ្ឍ ដោយទាញយកសក្តានុពលនសន្តិភាពនេះឱ្យបានអស់លទ្ធភាព។

ទន្ទឹមនឹងនេះដែរ តាមរយៈសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ដែលត្រូវរៀបចំនៅខេត្តស្វាយរៀង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលសូមអបអរសាទរយ៉ាងក្លៀវក្លា និងអំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ត្រូវខិតខំបន្តជំរុញការផលិត ការកែច្នៃឱ្យអស់លទ្ធភាពនូវធនធានសក្តានុពលទាំងឡាយតាមមូលដ្ឋានការស្វែងរកទីផ្សារជូនផលិតករយើងឱ្យបានទូលំទូលាយស្របតាមទស្សនាទានចលនាភូមិមួយផលិតផលមួយ និងសូមឱ្យព្រឹត្តិការណ៍នេះក្លាយជាសំឡេងស្គរទូងដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឱ្យខិតខំផលិត និងប្រើប្រាស់ផលិតផលខ្មែរហើយអ្នកផលិតគ្រប់រូបត្រូវខិតខំកែលម្អគុណភាពផលិតផលរបស់ខ្លួន ដើម្បីបង្កើនតម្លៃបន្ថែមឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងប្រទេស និងក្រៅប្រទេស៕

ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖