(ភ្នំពេញ)៖ លោក Lou Qinjian ប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាតំណាងប្រជាជនចិន បានបញ្ជាក់ថា ចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ និងបន្តគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកតំបន់ និងអន្តរជាតិ ដើម្បីឈានទៅសម្រេច បានពហុភាគីនិយមមួយដ៏ពិតប្រាកដ ប្រកបដោយយុត្តិធម៌ និងស្មើភាពគ្នា។

ការបញ្ជាក់បែបនេះរបស់លោក Lou Qinjian បានធ្វើឡើងនៅក្នុងសារលិខិតថ្លែងអំណរគុណជូនចំពោះ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា ដែលបានផ្ញើលិខិតអបអរសាទរ ក្នុងឱកាសដែលលោក Lou Qinjian ត្រូវបានតែងតាំងជាប្រធានគណៈកម្មការ។

ក្នុងសារថ្លែងអំណរគុណ លោក Lou បានសង្កត់ធ្ងន់ថា ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន ត្រូវបានបន្តពង្រឹង និងពង្រីកឥតឈប់ឈរលើគ្រប់វិស័យ ដើម្បីជំរុញការអភិវឌ្ឍ និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ លោក Lou បានបញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ កម្ពុជា និងចិនតែងតែសហការគ្នា និងជំរុញការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំគ្រប់កម្រិត ក្នុងន័យថែរក្សា និងជំរុញទំនាក់ទំនងកម្ពុជា-ចិន ដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យ និងផលប្រយោជន៍រួម ដើម្បីភាពរីកចម្រើន និងវិបុលភាព ឆ្ពោះទៅសម្រេចបានការកសាងសហគមន៍ ជោគវាសនារួមកម្ពុជា-ចិន។

ប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាតំណាងប្រជាជនចិន បានគូសបញ្ជាក់ថា កម្ពុជា និងចិននឹងបន្តពង្រឹង ចំណងមិត្តភាពជាប្រវត្តិសាស្ត្រ និងភាតរភាពរបស់ប្រទេសទាំងពីរ ដោយផ្អែកលើគោលការណ៍នៃការ គោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា អធិបតេយ្យភាពស្មើគ្នា ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕