(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានរំលឹកអំពីគុណសម្បត្តិដ៏ធំធេងរបស់យោធិនសោធននិវត្តន៍ និងរបួសពិការដែលកន្លងមកបានលះបង់ពេលវេលាបម្រើជាតិ រួមចំណែករំលត់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ និងបានចូលរួមថែរក្សាសន្តិភាពជូនសង្គមជាតិកម្ពុជា។

ការរំលឹកពីគុណសម្បត្តិរបស់យោធិនសោធននិវត្តន៍ និងរបួសពិការរបស់នាយឧត្តមសេនីយ៍ វង្ស វាសនា បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលលោកបានប្រារព្ធពិធីជួបជុំសំណេះសំណាលសួរសុខទុក្ខចំពោះអតីតយុទ្ធមិត្តរួមការងារដែលជាយោធិនចូលនិវត្តន៍ និងរបួសពីការក៏ដូចជានាយទាហានក្នុងអង្គភាពដែលនឹងត្រូវដាក់ឱ្យចូលនិវត្តន៍នៅពេលខាងមុខនេះរបស់អង្គភាពក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គបញ្ជាការ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីនាយទាហាន ក្នុងអង្គភាពព្រមទាំងអតីតយោធិនចូលនិវត្តន៍ និងយោធិនដែលត្រូវចូលនិវត្តន៍ និងរបួសពិការជាច្រើនរូបទៀត។

បើតាមលោកឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គបញ្ជាការ បានឱ្យដឹងថា ការរៀបចំពិធីដ៏មានអត្ថន័យនេះធ្វើឡើង គឺគោរពទៅតាមប្រសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានរំលឹកដាស់តឿនដល់បណ្ដាស្ថាប័ន និងកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ធ្វើយ៉ាងណាត្រូវរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខចំពោះអតីតយុទ្ធមិត្តក្នុងស្ថាប័ន និងកងឯកភាពឱ្យបានជាប្រចាំរៀងរាល់ឆ្នាំ។

ឆ្លើយតបទៅនឹងប្រសាសន៍ណែនាំខាងលើនេះ លោកឧត្តមសេនីយ៍ឯក មាស វណ្ណា បានថ្លែងថា ក្រុមការងារបានខិតខំដឹកនាំអង្គភាពដើម្បីរៀបចំនូវពិធីជួបជុំនេះសំដៅផ្សាភ្ជាប់នូវចំណងមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះអតីតមិត្តរួមការងារព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់អង្គភាពចំពោះនិវត្តន៍ជនគ្រប់ពេលវេលា។

នាឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស វាសនា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះអស់លោកនិវត្តន៍ជន ក៏ដូចជានាយទាហានក្នុងអង្គភាពក្រុមការងារទាំងអស់ផងដែរ។

នាយឧត្តមសេនីយ៍ វង្ស វាសនា ក៏បានថ្លែងនូវការកោតសរសើរចំពោះលោកឧត្តមសេនីយ៍ឯក មាស វណ្ណា ដែលបានដឹកនាំអង្គភាពដោយបានពុះពាររាល់ការលំបាករៀបចំឱ្យមានពិធីដ៏មានអត្ថន័យនេះឡើងទោះបីជាអង្គភាពមានការខ្វះខាតគ្រប់បែបយ៉ាងយ៉ាងណាក៏ដោយ។

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ វង្ស វាសនា បានថ្លែងនូវប្រសាសន៍ផ្ដាំផ្ញើចំពោះយោធិនចូលនិវត្តន៍ និងរបួសពីការទាំងអស់គប្បីរស់នៅប្រកបដោយធម៌ និងធ្វើជាពលរដ្ឋគំរូដោយគោរពប្រតិបត្តិឱ្យបានល្អច្បាប់របស់រដ្ឋ និងរក្សាគោលជំហរក្នុងនាមជានាយទាហានបម្រុងអស់មួយជីវិតតាមគោលការណ៍នៃច្បាប់ដែលបានបញ្ញត្តិ។

សូមបញ្ជាក់ថា ពិធីសំណេះសំណាលសួរសុខទុក្ខអតីតយុទ្ធមិត្តរបស់ក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គបញ្ជាការបានរៀបចំឡើងដោយមានជូននូវវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនចំពោះអតីតយុទ្ធមិត្តទាំងអស់ ដើម្បីជូនពរឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ ក្នុងឱកាសនោះក៏មានពិធីជូនប័ណ្ណសរសើរ លិខិតសសើរចំពោះនាយទាហានដែលមានស្នាដៃក្នុងការបំពេញភារកិច្ចនាឆ្នាំ២០២២ កន្លងមកផងដែរ៕