(តូក្យូ)៖ ក្រសួងឧស្សាហកម្មជប៉ុនបានឱ្យដឹងនៅថ្ងៃចន្ទថា ខ្លួនមានគោលបំណងបង្កើនការលក់ឱ្យបាន ៣ដងនូវគ្រឿងអេឡិចត្រូនិកដែលផលិតក្នុងប្រទេសជប៉ុនដល់ ១៥ពាន់ពាន់លានយ៉េន (១១២,៥៥ពាន់លានដុល្លារ) ត្រឹមឆ្នាំ២០៣០ ខណៈទីក្រុងតូក្យូខិតខំជំរុញការផលិតមីក្រូឈីបក្នុងស្រុកបន្ទាប់ពីមានជម្លោះខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសជប៉ុនមើលឃើញថា មីក្រូឈីបជាផលិតផលយុទ្ធសាស្ត្រដើម្បីពង្រឹងសន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន និងកំពុងផ្តល់ការឧបត្ថម្ភធនយ៉ាងច្រើនដល់ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co និងក្រុមហ៊ុនផ្សេងទៀតដើម្បីសាងសង់រោងចក្រនៅប្រទេសជប៉ុន ឬឱ្យក្រុមហ៊ុនទាំងនោះពង្រីករោងចក្រដែលមានស្រាប់។

ក្រសួងឧស្សាហកម្មជប៉ុនគ្រោងនឹងកំណត់ទិសដៅលក់នៅក្នុងយុទ្ធសាស្ត្រឧស្សាហកម្មអេឡិចត្រូនិក និងឌីជីថលរបស់ប្រទេសជប៉ុន ដែលនឹងត្រូវធ្វើបច្ចុប្បន្នភាពនៅពាក់កណ្តាលឆ្នាំនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការន៍ថា ប្រទេសជប៉ុនបានមើលឃើញចំណែកទីផ្សាររបស់ខ្លួននៅក្នុងទីផ្សារមីក្រូឈីបពិភពលោកធ្លាក់ចុះពី ៥០ភាគរយនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ មកនៅប្រហែល ១០ភាគរយដោយគូប្រជែងខ្លាងៗ ដូចជាក្រុមហ៊ុន Samsung Electronics របស់កូរ៉េខាងត្បូងជាដើម៕