(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ បានចាត់លោក ព្រួញ រិទ្ធថា សមាជិកគណៈកម្មាធិការសាខា ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្ត្រាក់ចំនួន៥១គ្រួសារ (រលំទាំងស្រុង៥ខ្នង និង របើកដំបូល៤៦ខ្នង)។ ពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌នេះប្រារព្ធនៅវត្តផ្តាច់ព្រាត់ ឃុំបវេល ស្រុលបវេល។

នាឱកាសនោះ លោក ព្រួញ រិទ្ធថា សមាជិកគណៈកម្មាធិការសាខា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកក៏បានសម្ដែងនូវការសោកស្ដាយជាពន់ពេក ចំពោះការខូចខាតផ្ទះសំបែងទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកបន្តថាថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូននាពេលនេះ អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម, ទឹកបរិសុទ្ធ១កេស, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ត្រីខ១យួរ និងមុង១ផងដែរ៕