(ភ្នំពេញ)៖ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនបុគ្គលម្នាក់ ឈ្មោះ ផាន មករា ដាក់ពន្ធនាគារជាបណ្ដោះអាសន្នពីបទ «រំលោភលើទំនុកចិត្ត» ប្រព្រឹត្តនៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ ដល់ឆ្នាំ២០២២ បទល្មើសមានចែងឲ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។

ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ផាត មករា អាយុ៣០ឆ្នាំ មុខរបរមុនឃុំខ្លួនជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិលំទង ឃុំលំទងថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ពាក់ព័ន្ធករណីនេះ នៅមានបុគ្គលម្នាក់ទៀត ឈ្មោះ ខាន់ វិសាល អាយុ២១ឆ្នាំ មុខរបរជា ប្រធានត្រួតពិនិត្យផ្នែកលក់ទូទាំងប្រទេសរបស់ក្រុមហ៊ុន តូកូយូ ជប៉ុន អូតូផាត ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលគ្រឿងបន្លាស់រថយន្ដ ក៏ត្រូវបានលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យទៅចៅក្រមស៊ើបសួរ យោងតាមពាក្យបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុនខាងលើ ពាក់ព័ន្ធពីបទ «រំលោភលើទំនុកចិត្ត»

ការចោទប្រកាន់លើឈ្មោះ ខាន់ វិសាល នេះតំណាងអយ្យការបានស្នើសុំទៅចៅក្រមស៊ើបសួរ ដាក់ឲ្យស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន លើជនខាងលើ ដើម្បីបញ្ចប់ ឬបង្ការបទល្មើសកុំឲ្យកើតជាថ្មី និងធានារក្សាជនត្រូវចោទ ទុកជូនតុលាការចាត់ការតាមផ្លូវច្បាប់។

ពាក់ព័ន្ធសំណុំរឿងនេះ បើតាមអង្គហេតុ នៃពាក្យបណ្ដឹងបានបញ្ជាក់ប្រហាក់ប្រហែលគ្នាថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ ខាន់ វិសាល បានចុះកិច្ចសន្យាការងារជាមួយក្រុមហ៊ុន តូកូយូ ជប៉ុន អូតូផាតកម្ពុជា ដែលពេលនោះក្រុមហ៊ុន មានការជឿទុកចិត្តបានឲ្យកាន់តួនាទីជា ប្រធានត្រួតពិនិត្យផ្នែកលក់ និងឈ្មោះ ផាត មករា ជាបុគ្គលិក។

ក្នុងអំឡុងពេលកំពុងបម្រើការងារឲ្យក្រុមហ៊ុន ដែលមិនទាន់បញ្ចប់កិច្ចសន្យានៅឡើយ ជនទាំងពីរបានប្រើពេលវេលាក្នុងម៉ោង ធ្វើការលួចលក់ ដោយប្រើមធ្យោបាយផ្សេងៗ ព្រមទាំងរថយន្តរបស់ក្រុមហ៊ុន ដើម្បីលួចលក់ផលិតផល ឲ្យទៅអតិថិជនរបស់ក្រុមហ៊ុន និងបុគ្គលិកផ្នែកលក់ ជាមួយបក្ខពួកផ្សេងទៀត។

បន្ទាប់ពីឈ្មោះ ខាន់ វិសាល លាឈប់ពីក្រុមហ៊ុន ហើយបានបំផុសបំផុល និងញុះញង់បុគ្គលិករបស់ក្រុមហ៊ុនផ្សេងទៀត ឲ្យឈប់ធ្វើការនៅក្រុមហ៊ុននេះទៀតផង ដែលទង្វើបែបនេះគឺបទរំលោភលើទំនុកចិត្ត ដោយអភិបាលដែលធ្វើឲ្យប៉ះពាល់ និងខូចប្រយោជន៍របស់ក្រុមហ៊ុនយ៉ាងខ្លាំងបំផុត។

ម្ចាស់ក្រុមហ៊ុនថែមទាំងបានទទូចស្នើសុំឲ្យតុលាការ ចាត់ការលើបុគ្គលកំហូចទាំងពីរ ដើម្បីរកភាពយុត្តិធម៌មកវិញសំខាន់ គឺនាំខ្លួនជនពាក់ព័ន្ធឈ្មោះ ខាន់ វិសាល មកដាក់ឲ្យស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឲ្យកើតជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមផ្លូវច្បាប់៕