(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនខ្មែរ៨នាក់ ក្នុង​ករណីផលិត-កែច្នៃគ្រឿងញៀនខុសច្បាប់ និងរឹបអូសគ្រឿងញៀនជាង២គីឡូក្រាម ជាមួយនឹងសារធាតុផ្សំមួយចំនួនធំ។

មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះថា អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០២៖០០រសៀលនាទី ដោយមានការដឹកនាំសម្របសម្រួលពីលោក អ៊ុំ សុភ្តិ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យ ប្រឆាំងការសម្អាតប្រាក់ (ក៥) និងការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (ក៤) ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សាន សុទ្ធី, ឧត្តមសេនីយ៍ត្រី ស៊ុំ ណារ៉ាក់, វរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីជួញដូគ្រឿងញៀន នៅចំណុចបណ្តោផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការបង្ក្រាបនេះកម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យ ៨នាក់ រួមមាន៖ ឈ្មោះ សុខ ផារ៉ា ហៅញ៉ាញ់ ភេទប្រុស ឆ្នាំកំណើត១៩៨៥ ជនជាតិខ្មែរ, ឈ្មោះ សែម វាសនា ហៅក្តាំង ភេទប្រុស ឆ្នាំកំណើត១៩៩៣ ជនជាតិខ្មែរ, ឈ្មោះ ផុន វង្សសុភាបណ្ឌិត ហៅសី ភេទប្រុស ឆ្នាំកំណើត១៩៨៩ ជនជាតិខ្មែរ, ឈ្មោះ ប៉ុល វាសនា ភេទស្រី ឆ្នាំកំណើត១៩៨៩ ជនជាតិខ្មែរ, ឈ្មោះ អ៊ុន សាមិត្ត ភេទប្រុស ឆ្នាំកំណើត១៩៩៩ ជនជាតិខ្មែរ, ឈ្មោះ សុង រតន ហៅខ្លា ភេទប្រុស ឆ្នាំកំណើត១៩៨៦ ជនជាតិខ្មែរ, ឈ្មោះ ឡុង ប៊ុន ហៅLENG BINH ភេទប្រុស ឆ្នាំកំណើត១៩៩៧ ជនជាតិខ្មែរ និងឈ្មោះ ធី ចាន់ភិរម្យ ភេទប្រុស ឆ្នាំកំណើត១៩៨៩ ជនជាតិខ្មែរ។

ប្រតិបត្តិការនោះកម្លាំងជំនាញបានដកហូតវត្ថុតាង៖ គ្រឿងញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់២០៧៦ក្រាម (២គីឡូក្រាម ៧៦ក្រាម), សារធាតុមិនច្បាស់ ទម្ងន់១០៦៨៨.៣៤ក្រាម (១០គីឡូក្រាម ៦៨៨.៣៤ក្រាម), ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ និងអាវុធខ្លី១ដើម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី។

សូមជម្រាបថា រយៈពេលចុងក្រោយនេះ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរ បានខិតខំបំពេញការងារជំនាញរបស់ខ្លួនយ៉ាងសកម្ម បង្ក្រាបបាននូវករណីជួញដូរគ្រឿងញៀនធំៗជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែលជំរុញឲ្យកម្លាំងជំនាញ ខិតខំប្រឹងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យអស់ ពិសេសបទល្មើសធំៗ៕