(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ សូមប្រកាសទាត់ចោលការចោទប្រកាន់របស់លោក ដេវិត ឆាណាយវ៉ា ដែលនិយាយតាមការ Live វិដេអូថា អ្នកកាសែតហ្វ្រេសញ៉ូវ ទទួលបានដីមួយប្លង់ ២០គុណ ៥ម៉ែត្រ ជាថ្នូរនឹងការផ្សាយព័ត៌មានទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅចំណុច ភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

Fresh News សូមប្រកាសអះអាងថា អង្គភាពមិនមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ណាមួយទាល់តែសោះ ជាមួយករណីទំនាស់ដីធ្លី នៅចំណុចភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយ Fresh News ផ្សព្វផ្សាយអ្វីទៅតាមព័ត៌មានរបស់អាជ្ញាធរខេត្តចុះអនុវត្តតែប៉ុណ្ណោះ​។

Fresh News ស្នើឲ្យលោក ដេវិត ឆាណាយវ៉ា ធ្វើការកែតម្រូវចំពោះការចោទប្រកាន់មកលើអ្នកសារព័ត៌មាន Fresh News។

សូមជំរាបថា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ បណ្តាញព័ត៌មាន Fresh News បានចេញផ្សាយថា រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក ប៊ូ វឌ្ឍនា ប្រធានអន្តរវិស័យ បានដឹកនាំក្រុមកាងារចុះរៀបចំដីឡូតិ៍ជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ជួបជុំគ្នានៅចំណុច ភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយមានការរៀបចំក្នុងគោលនយោបាយឈ្នះៗ ដែលត្រៀមរៀបចំនូវទីតាំងដីថ្មីសម្រាប់ប្រជាពលរដ្ឋ មានទំហំទទឹង៥ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ។

កំឡុងពេលការចុះរៀបចំទីតាំងដីឡូតិ៍ជូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តក្រោមការសម្របសម្រួលដោយរដ្ឋបាលខេត្តព្រះសីហនុ ស្រាប់តែមានបុគ្គលឈ្មោះ ដេវិត ឆាណាយវ៉ា បានដឹកនាំកម្លាំងប្រជាពលរដ្ឋប្រមាណជាង ២០នាក់ មករារាំងការអនុវត្តរបស់ក្រុមកាងាររដ្ឋបាលខេត្តព្រះសីហនុ ដែលបានចុះមករៀបចំបែងចែកដីឡូតិ៍ ជូនប្រជាពលរដ្ឋ។ ក្នុងនោះប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទទួលយកការដោះស្រាយ បានចេញមុខតវ៉ាជាមួយបុគ្គល ដេវិត ឆាណាយវ៉ា រហូតដល់មានការប៉ះទង្គិចពាក្យសម្ដីគ្នា។

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមការងារចំរុះរបស់រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ និងជាប្រធានក្រុមការងារ បានចុះដលើកទីទីតាំងដីជាក់ស្តែង ដើម្បីពិនិត្យផ្ទៀងផ្ទាត់ការកាន់កាប់ដីជាក់ស្តែងរបស់ប្រជាពលរដ្ឋ លើទីតាំងដីកម្មសិទ្ធិស្របច្បាប់ របស់ធនាគារកាណាឌីយ៉ា ស្ថិតនៅចំណុចអូត្រាវ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ការចុះពិនិត្យនេះបានធ្វើឡើងក្រោយប្រជាពលរដ្ឋចំនួន១៦៧គ្រួសារ បានដាក់ពាក្យ និងយល់ព្រមទទួលយកគោលការណ៍ដោះស្រាយនូវដីឡូត៍ទំហំ ៥ គុណ ២០ម៉ែត្រ ពីធនាគារ កាណាឌីយ៉ា ក្រោមការសម្របសម្រួលពី រដ្ឋបាលខេត្តព្រះសីហនុ។

ការចុះពិនិត្យរបស់រដ្ឋបាលខេត្តឃើញថា បងប្អូនប្រមាណ៩០ភាគរយ បានសារទរចំពោះការដោះស្រាយសម្របសម្រួល ក្រោមគំនិតផ្តួចផ្តើមរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីបញ្ចប់ទំនាស់ដីធ្លី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញប្រកាសព័ត៌មានដោយបានរៀបរាប់ថា ទីតាំងដីស្ថិតនៅក្នុងភូមិសាស្ត្រឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កន្លងមកបានចេញប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ដីធ្លី និងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៩ ហើយម្ចាស់ដីដែលមានប័ណ្ណ សម្គាល់សិទ្ធិនីមួយៗ បានធ្វើការកាន់កាប់ និងគ្រប់គ្រងដីជាបន្តបន្ទាប់រហូតមក។ លុះដល់ឆ្នាំ២០០៦ រាជរដ្ឋាភិបាលបានកំណត់យកផែនទីគម្របព្រៃឈើឆ្នាំ២០០២ ធ្វើជាគោល ក្នុងនោះផ្ទៃដីមួយផ្នែកក្នុងខេត្តព្រះសីហនុ ក៏ស្ថិតនៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២ផងដែរ៕

ខាងក្រោម Link ព័ត៌មានដែល Fresh News បានចេញផ្សាយនាពេលកន្លងមក៖

ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ បន្តចុះពិនិត្យផ្ទៀងផ្ទាត់ការកាន់កាប់ដីជាក់ស្តែងរបស់ប្រជាពលរដ្ឋ លើទីតាំងដីកម្មសិទ្ធិស្របច្បាប់របស់ធនាគារកាណាឌីយ៉ា នៅឃុំបិតត្រាំង ស្រុកព្រៃនប់
https://freshnewsasia.com/index.php/en/localnews/282452-2023-03-16-09-54-49.html

រដ្ឋបាលខេត្តព្រះសីហនុ បន្តជួបជាមួយពលរដ្ឋអំពីការរៀបចំទីតាំងដីឡូត៍ ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់
https://www.freshnewsasia.com/index.php/en/localnews/283859-2023-03-24-08-16-42.html