(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំតុបតែងលម្អរសោភ័ណភាព នៅទីកន្លែងសំខាន់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ លើមហាវិថីព្រះនរោត្ដម ដើម្បីត្រៀមរៀបចំសង្ក្រាន្តវត្តភ្នំ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន មកចូលរួមលេងកម្សាន្តក្នុងសង្ក្រាន្ដវត្តភ្នំ ដែលធ្វើឡើងនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៨៖០០នាទីយប់ តាមថ្ងៃនីមួយៗ ឲ្យបានច្រើនកុះករ។

ការរៀបចំសង្ក្រាន្ដវត្តភ្នំនេះ មានកម្មវិធីកម្សាន្ដសប្បាយ ដូចជាពិធីទទួលទេវតាឆ្នាំថ្មី ពិធីគោរព ទីទួលដូនពេញ ពិធីដង្ហែព្រះពុទ្ធរូប ពិធីពូនភ្នំខ្សាច់ ពិធីបុណ្យស្រង់ព្រះ ការសម្ដែងសិល្បៈរបាំត្រុដិ របាំបុរាណផ្សេងៗ ការលេងល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ និងល្បែងប្រជាប្រិយជាតិផ្សេងទៀត) ការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេងកម្សាន្ត និងការដាក់តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បវប្បធម៌។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ នឹងប្រព្រឹត្តទៅនៅថ្ងៃ ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញមកចូលរួម ឲ្យបានច្រើនកុះករ៕