(ភ្នំពេញ)៖ នៅសៀលថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ពិធីនេះប្រារព្ធធ្វើ​ឡើង​នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា។

សូមរំលឹកថា ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារ​ឆ្នាំ​ចាស់ ឆ្នាំ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២-២០២៣ កាល​ពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ សន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡានៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «បរិវត្តកម្ម នៃវិស័យអប់រំ»

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា ក្នុងគោលបំណងឆ្លើយតប​ទៅ​នឹងការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ព្រមទាំងឆ្លើយតបនឹងក្របខណ្ឌ​គោលនយោ​បាយ​របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញកន្លងមកផងនោះ សន្និបាតអប់រំ​នៅឆ្នាំនេះ បានសម្រិតសម្រាំងខ្លឹមសារ និងជ្រើសរើសយកប្រធានបទសំខាន់ៗ​ចំនួន១១ រួមមាន៖ ទី១) ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣, ទី២) ការគាំពារ និងការអភិវឌ្ឍកុមារតូចតាមគ្រប់រូបភាព, ទី៣) វិធានការស្តារការ​ខា​ត​បង់ការសិក្សាក្រោយការរីករាលដាលជំងឺកូវីដ១៩, ទី៤) ការអប់រំបរិស្ថានបៃតង, ទី៥) កំណែទម្រង់សាលារៀន, ទី៦) កំណែទម្រង់សាលាគរុកោសល្យ, ទី៧) ការ​គ្រប់​គ្រងការផ្លាស់ប្តូរនៅក្នុងស្ថាប័ន, ទី៨) ការផ្សារភ្ជាប់មធ្យមសិក្សានឹងឧត្តមសិក្សា, ទី៩) អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរ និងការសិក្សាបន្ត, ទី១០)បំណិនសតវត្សរ៍ទី២១សម្រាប់យុវជន, និងទី១១) ការលើកកម្ពស់សុខភាពសិក្សា។

លោករដ្ឋមន្ត្រី បានបន្ថែមថា គោលបំណងសំខាន់នៃសន្និបាតអប់រំក្នុងឆ្នាំនេះ ក៏ដើម្បីបូកសរុបលទ្ធផលកំណែទម្រង់វិស័យអប់រំ ក្នុងរយៈពេល ១០ ឆ្នាំកន្លង​ទៅនេះ ជាពិសេសការអនុវត្តកំណែទម្រង់សាលារៀន និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីលើកកម្ពស់គុណភាពអប់រំ និងដាក់ចេញនូវរបៀបវារៈបន្តកំណែ​ទម្រង់វិស័យ​អប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងដំណាក់កាលថ្មីខាងមុខ ព្រមទាំងត្រៀមអនុវត្តប្រព័ន្ធថវិកាផ្តោតលើសមិទ្ធកម្ម ជាពិសេស ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន និងប្រព័ន្ធអប់រំទាំងមូល។

លោករដ្ឋមន្ត្រី បានអះអាងថា រយៈពេល១០ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រ​វិស័យអប់រំ ក្រសួងនិងអ្នកពាក់ព័ន្ធបានរួមគ្នាសម្រេចកិច្ចការធំៗ គួរឱ្យគត់សម្គាល់​ដូចជា៖ ការបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សា ជាពិសេស​ការ​អប់រំ​មូលដ្ឋានរយៈពេល ៩ឆ្នាំ តាមរយៈការបង្កលក្ខណៈសម្បត្តិអនុគ្រោះ​ឱ្យកូន​ចៅប្រជាជនដែលជួបការលំបាកមានលទ្ធភាពចូលរៀន និងរៀនបន្ត, ការពង្រឹង​អភិបាលកិច្ចនៅតាមគ្រឹះស្ថានសិក្សា, ការដោះស្រាយការខាត​បង់ការសិក្សា​ក្នុង​បរិបទកូវីដ១៩, និងការបង្កើនអាហារូបករណ៍សម្រាប់សិស្ស និងនិស្សិតមកពី​គ្រួសារ​ក្រីក្រ។ ក្រសួងបានសម្រួចវិធានការលើកកម្ពស់គុណភាព និងភាពឆ្លើយតប​របស់សេវាអប់រំ តាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន និងការលើកទឹកចិត្ត ព្រម​ទាំងបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រង​សេវាអប់រំគ្រប់លំដាប់ថ្នាក់។

ខាងក្រោមនេះ ជាសមិទ្ធផលការងារសំខាន់ៗ ដែលក្រសួងអប់រំ យុវជន និងកីឡា​សម្រេចបានក្នុងឆ្នាំសិក្សា ២០២១-២០២២ កន្លងទៅ៖

១៖ ការអប់រំ

គិតត្រឹមឆ្នាំសិក្សា ២០២២-២០២៣ សាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ទាំងសាធារណៈ សហគមន៍ និងឯកជនសរុប ១៨,៨៣០ ក្នុងនោះ ក្នុងនោះសាលាមត្តេយ្យសិក្សាគ្រប់រូបភាព ៨,៦០៧សាលា សាលាបឋមសិក្សា ៨,០៦៧សាលា អនុវិទ្យាល័យ ១,៣៤០សាលា និងវិទ្យាល័យ ៨១៦សាលា។

សិស្សចំណេះទូទៅសរុប ៣,៦៧៦,៥៧៥នាក់ សិស្សស្រី ៤៩.៧ភាគរយ ក្នុងនោះ​សិស្សមត្តេយ្យសិក្សាបានទទួលសេវាអប់រំគ្រប់រូបភាពមាន ៣៨០,៧៨៨នាក់ ស្រី ៥០.១ភាគរយ។ សិស្សបឋមសិក្សាសរុប ២,២០០,០២១នាក់ ស្រី ៤៨ភាគ​រយ។ សិស្សមធ្យមសិក្សាបឋមភូមិសរុប ៦៩៤,១៦១នាក់ ស្រី ៥២.២ភាគរយ។ សិស្សមធ្យមសិក្សាទុតិយភូមិសរុប ៤០១,៦០៥នាក់ ស្រី ៥៤.៤ភាគរយ ។

គ្រឹះស្ថានអប់រំបច្ចេកទេស និងវិជ្ជាជីវៈមានចំនួន ១៩កន្លែង មានសិស្សសរុប ៣,២៥៩នាក់ ស្រី ៣៥,៦ភាគរយ និងគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ១៣២ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៤៨ និងឯកជន ៨៤ ដែលមាន​ទីតាំង​ស្ថិតនៅ ២០រាជធានីខេត្ត។ និស្សិតកំពុងសិក្សានៅឧត្តមសិក្សាសរុប ២០៥,៦៣៦នាក់ ស្រី ៤៧.៥ភាគរយ។

បេក្ខជនមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ១២៥,៧៣៥នាក់ ស្រី ៥៣,៨ភាគរយ បេក្ខជនប្រឡងជាប់សរុប ៩០,៩៥០នាក់ ស្មើ ៧២,៣៣ភាគរយ ក្នុង​នោះបេក្ខជននិទ្ទេស A មាន ១,០៤៩នាក់ ស្រី ៥៥២នាក់។ បុគ្គលិកអប់រំសរុប ១២៥,៥៩៧នាក់ ស្រី ៤៧,០៨ភាគរយ ក្នុងនោះបុគ្គលិកនៅថ្នាក់ ជាតិ ៥,០៧៨ នាក់ ស្រី ៣៤,៨ភាគរយ និងថ្នាក់ក្រោមជាតិ ១២០,៥១៩នាក់ ស្រី ៤៧,៦ភាគរយ។

២៖ ការងារអភិវឌ្ឍយុវជន

ក្រសួងបានពង្រីករចនាសម្ព័ន្ធក្រុមប្រឹក្សាអភិវឌ្ឍយុវជន ៣៣ក្រសួង ស្ថាប័ន និង ២៥រាជ​ធានីខេត្ត ដែលជាយន្តការគាំទ្រ និងជាផែនទីបង្ហាញផ្លូវ ដើម្បីប្រមូលផ្ដុំ​កម្លាំង​​ចូល​រួមពីគ្រប់អ្នកពាក់ព័ន្ធ និងការយកចិត្តទុកដាក់លើការអភិវឌ្ឍយុវជន។

ក្រសួងបានសិក្សាស្រាវជ្រាវ និងបោះពុម្ពផ្សព្វផ្សាយ «សន្ទស្សន៍ស្តីពីការ​អភិវឌ្ឍ​យុវ​ជន​កម្ពុជា», «របាយការណ៍ស្តីពីការវិភាគស្ថានភាពយុវជនកម្ពុជា» ព្រមទាំងបាន​បង្កើត​ប្រព័ន្ធព័ត៌មានគ្រប់គ្រងយុវជន និងកម្មវិធីក្នុងទូរស័ព្ទវៃឆ្លាតមានឈ្មោះថា «សុខភាពយុវជន» ដើម្បីជាមូលដ្ឋានទទួលព័ត៌មានអំពីតម្រូវ​ការយុវជន​នៅ​តាម​ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ក្រសួងបានធ្វើវិសោធនកម្មធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់កាយរឹទ្ធិជាតិកម្ពុជា តាមរយៈការរៀបចំមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា និងបានរៀបចំផែនការយុទ្ធ​សាស្ត្រ កាយរឹទ្ធិជាតិកម្ពុជាឆ្នាំ ២០២៣-២០២៧។

ក្រសួងបានបណ្តុះបណ្តាលបំណិនសតវត្សរ៍ទី២១ ដល់យុវជនបានចំនួន ៤៨,៥៦៧នាក់ ស្រី ៤៩ភាគរយ ក្នុងគោលដៅផ្តល់ជំនាញមួយយ៉ាង​តិចប្រចាំជីវិត​ដល់យុវជន។

ក្រសួងបានពង្រីកដំណើរការពេញលេញរបស់ក្រុមប្រឹក្សាកុមារកម្ពុជា នៅតាម ៨,៩៥៤ គ្រឹះស្ថានសិក្សា ត្រូវជា ៤៥,០៤៤សាខា, ២៥៨,១៥០អនុសាខា និងមាន​សមាជិក ១,៥៧៦,៦៨៦ នាក់ ស្រី ៥១.៤ភាគរយ, និងបានដំណើរការរបស់​ក្រុម​ប្រឹក្សាយុវជនកម្ពុជានៅតាម ៥៩៣គ្រឹះស្ថានសិក្សា ត្រូវជា ៨,៨៥៨សាខា, ៥៣,១៤៨អនុសាខា និងមានសមាជិក ៣៦០,៦១៧ ស្រី ៥៤.៤ភាគរយ ព្រមទាំង​បាន​ជំរុញចលនាប្រឡងប្រណាំង៣ល្អ «កូនល្អ សិស្សល្អ មិត្តល្អ» និងផ្តល់ពាន​រង្វាន់​ឆ្នើម​ប្រចាំឆ្នាំចំនួន ១,៦៩៦នាក់ ស្រី ៤៩ភាគរយ។

ក្រសួងបានបង្កើនសមាជិកកាយរឹទ្ធិជាតិកម្ពុជា ១៧៥,០០០នាក់ ស្រី ៤៩​ភាគ​រយ ក្នុងនោះកាយរឹទ្ធិប្អូន ១៧,៦២៣នាក់, កាយរឹទ្ធិជំទង់ ១២០,២២៩នាក់ កាយ​រឹទ្ធិ​រៀមច្បង ២១,៥១៤នាក់, មេដឹកនាំកាយរឹទ្ធិ ១៣,១៩៧នាក់, និងសមាជិកកិត្តិ​យស ២,៣៣៧នាក់ នៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ ដើម្បីឱ្យក្លាយជាពល​រដ្ឋមានទំនួលខុសត្រូវ ជាពលរដ្ឋសកល និងជាពលរដ្ឋសកម្មក្នុងសហគមន៍​រស់នៅ​របស់​ពួកគេ។

ក្រសួងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តែនៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ឱ្យ​ក្លាយជាមជ្ឈមណ្ឌលយុវជនគំរូ និងបានជួសជួលមជ្ឈមណ្ឌលយុវជនខេត្ត​កណ្តាល ស្វាយរៀង និងខេត្តព្រះវិហារ បាត់ដំបង ព្រមទាំងបញ្ចូលកម្មវិធី​សិក្សា​ពេញមួយជីវិតដល់មជ្ឈមណ្ឌលយុវជនចំនួន ៥ខេត្ត រួមមានខេត្តតាកែវ ស្វាយរៀង កំពង់ចាម កំពង់ធំ និងកំពង់ឆ្នាំង ព្រមទាំងបានផ្ដល់ឱកាសដល់យុវជនចូលរួម ៤១,៤៦៩នាក់ ស្រី ៤៧,៥ភាគរយ និងបានអនុវត្តគម្រោងសហគមន៍ ៦១គម្រោង ដើម្បីពង្រឹងសមត្ថភាពជាដឹកនាំ អភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការពារ រាល់សមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងបានរៀបចំកម្មវិធីសំខាន់ៗមួយចំនួន ដើម្បីផ្ដល់ភាពអង់អាច និងការចូល​រួម​របស់យុវជនដូចជា ១) កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២) កម្មវិធីយុវ​ជន​២១ «សហគ្រិនបែបឌីជីថល» ៣) កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន ៤) កម្មវិធី​ប្រកួត​​ប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ៥)សិក្ខាសាលាផ្លាស់ប្តូរបទពិសោធលើ​បំណិន​បច្ចេកវិទ្យាព័ត៌មាននិងឌីជីថល (JoTa-JoTi) ៦) កម្មវិធីអ្នកនាំ​សារសន្តិ​ភាព​ដើម្បីសហគមន៍ខ្ញុំ ៧) កម្មវិធីស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ៨) កម្មវិធីការប្រកួត​ប្រជែងផែនការអាជីវកម្ម ៩) កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត និង(១០) កម្មវិធីអក្ខរកម្មឌីជីថល ជាពិសេសក្នុងឆ្នាំ២០២២ ​ស្របពេលដែល​កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡាក្នុងនាមសសរស្តម្ភសង្គម-វប្បធម៌អាស៊ានបានផ្តួចផ្តើមរៀបចំ សេចក្ដីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំ​អាស៊ាន​ស្ដីពីឆ្នាំនៃយុវជនអាស៊ាន ដែលត្រូវ​បានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ និងបានរៀបចំកម្មវិធីយុវជនអាស៊ានចំនួន ៥ ដូចជា៖ (១) កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ (២) ការប្រកួតវីដេអូយុវជន​អាស៊ាន​លើកទី៦ (៣) ការប្រកួតរូបថតយុវជនអាស៊ាន (៤) ការប្រកួតជជែក​ដេញ​ដោលយុវជនអាស៊ាន និង(៥) ជំនួបថ្នាក់ដឹកនាំកំពូលអាស៊ាន ជាមួយតំណាង​ដែល​កម្ម​វិធី​ទាំងអស់នេះបាននិងរួមចំណែកយ៉ាងសំខាន់​សម្រាប់ការអភិវឌ្ឍយុវជន​អាស៊ាន បំណិនសតវត្សរ៍ទី២១ ដល់យុវជនកម្ពុជា និងយុវជនក្នុងតំបន់អាស៊ាន។

៣៖ ការងារអប់រំកាយ និងកីឡា

ក្រសួងបានរៀបចំការប្រកួតកីឡាជាតិលើកទី៣ និងការប្រកួតកីឡាជនពិការជាតិ​លើក​ទី១ ប្រកបដោយជោគជ័យ។ ក្រសួងបានសហការរៀបចំការប្រកួតកីឡា​ជា​លក្ខណៈអន្តរជាតិនៅក្នុងប្រទេស លទ្ធផលកម្ពុជាទទួលបានមេដាយ​មាស ៣គ្រឿង, មេដាយប្រាក់ ៣គ្រឿង, និងមេដាយសំរឹទ្ធិ១៣គ្រឿង។ ក្រសួងបាន​បញ្ជូន​កីឡាករទៅចូលរួមការប្រកួតកីឡាលក្ខណៈអន្តរជាតិ នៅក្រៅប្រទេសលើ ៤៥ប្រភេទកីឡា និងទទួលបានមេដាយ ១,៣៧០គ្រឿង ក្នុងនោះមេដាយមាស ៣២៦ គ្រឿង, មេដាយប្រាក់ ៣៦៣គ្រឿង, និងមេដាយសំរឹទ្ធិ ៦៨១គ្រឿង។

ចំពោះការចូលរួមប្រកួតជើងឯកពិភពលោក កម្ពុជាទទួលបានមេដាយមាស ៣៩​គ្រឿង, មេដាយប្រាក់ ៥២គ្រឿង, និងមេដាយសំរឹទ្ធិ ៦៥គ្រឿង។ ការប្រកួតជើង​ឯក​អាស៊ី កម្ពុជាទទួលបានមេដាយមាស ៧៧គ្រឿង,មេដាយប្រាក់ ៧៧គ្រឿង, និងមេ​ដាយ​សំរឹទ្ធិ ១២៧គ្រឿង៕