(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាលជាមួយបងប្អូនកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងបានដាស់តឿនក្រើនរំលឹកដល់កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារកិច្ច គឺទន់ភ្លន់ តែម៉ឺងម៉ាត់។

ថ្លែងទៅកាន់កម្លាំងសណ្តាប់ខណ្ឌ លោកអភិបាលខណ្ឌបានណែនាំដល់កម្លាំងទាំងអស់ ត្រូវសាមគ្គីគ្នា កុំឈ្លោះទាស់ទែងគ្នាវាមិនល្អទេ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ។ និយាយរួមត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្តតាមការណែនាំរបស់អង្គភាព។ ចំណុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូរ កុំប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យទៅលើប្រជាពលរដ្ឋជាពិសេសពេលចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ។

ជាមួយគ្នានេះដែរ លោក ធឹម សំអាន បានកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ចុះពង្រឹងច្បាប់ចរាចរណ៍ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន។ ចំណុចមួយទៀតត្រូវចេះជួយគ្នា ចេះស្រឡាញ់គ្នា ចេះអធ្យាស្រ័យឱ្យគ្នា ចេះសន្តោសប្រណីឱ្យគ្នាទៅវិញទៅមក និងចេះជួយយកអាសារគ្នា។

ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីមកដល់ លោកអភិបាលខណ្ឌ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លើងទៀន ភ្លើងធូប ចង្ក្រានហ្គាស់ ប្រព័ន្ធខ្សែភ្លើងនៅក្នុងផ្ទះ ត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុតមុន និងចេញពីផ្ទះទៅកំសាន្តនៅតាមរម្មណីដ្ឋាននានា បង្កាខ្លាចកើតមានគ្រោះអគ្គិភ័យ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ បានណែនាំដល់កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ឱ្យពង្រឹងក្នុងកិច្ចការពារសន្តិសុខ រៀបចំសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ៕