(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ការរៀបចំមណ្ឌលអភិវឌ្ឍន៍យោធិនពិការនៅតាមតំបន់នានាទូទាំងប្រទេស គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយជីវភាពរស់នៅ និងសុខុមាលភាពរបស់អ៊ុំ ពូ មីង បងប្អូនយោធិនពិការ និងក្រុមគ្រួសារ ស្របតាមកាលានុវត្តភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសការអភិវឌ្ឍឥតឈប់ឈររបស់កម្ពុជា ដោយផ្តើមចេញពីចំណុចសូន្យទទួលបានសុខសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច និងសេចក្តីសុខសាន្តរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសលោកអញ្ជើញាជាអធិបតីភាពប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី ជា ព្រឿង ជា «នាយមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក» ដែលជាការប្រគល់នូវតួនាទី សិទ្ធិ និងការទទួលខុសត្រូវក្នុងការដឹកនាំគ្រប់គ្រង និងកសាងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក សំដៅលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់អ៊ុំ ពូ មីង បងប្អូនជាយោធិនពិការ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ ឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុអភិវឌ្ឍយោធិនពិការ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជានិច្ចជាកាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់អ៊ុំ ពូ មីង យោធិនពិការ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ, ការលះបង់ និងពលិកម្មគ្រប់បែបយ៉ាងក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជា ប្តូរយកសន្តិភាពធ្វើឱ្យប្រជាជនរស់ក្នុងសេចក្តីសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់លើវិស័យពិការភាពដោយបានដាក់ចេញ និងអនុវត្តគោលនយោបាយនានាដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់អ៊ុំ ពូ មីង យោធិនពិការ សំដៅធ្វើយ៉ាងណាជួយដល់អ៊ុំ ពូ មីង និងក្រុមគ្រួសារឱ្យទទួលបានកិត្តិយស, សេចក្តីថ្លៃថ្នូរ, គុណភាពជីវិតល្អប្រសើរ, គ្មានការរើសអើង និងទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយភាពអនុគ្រោះ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណចំពោះអ៊ុំ ពូ មីង បង ប្អូនយោធិនពិការទាំងអស់ ដែលតែងជឿទុកចិត្ត និងគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខតាំងពីដើមរៀងមក ជាពិសេសក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ១៩ ដោយបានស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងបង្ការជំងឺនេះគ្រប់ៗគ្នា។ ដូចនេះ សូមបន្តមានជំនឿទុកចិត្តមកលើភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ដើម្បីបន្តថែរក្សាការពារអ្វីដែលយើងកំពុងមានក្នុងដៃសព្វថ្ងៃនេះឱ្យបានគង់វង្ស និងបន្តការអភិវឌ្ឍខ្លួនយើង, ក្រុមគ្រួសារយើង និងសង្គមជាតិយើងឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែន ក៏សម្តែងការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមណ្ឌលគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំបំពេញការងារគ្រប់គ្រង និងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ, ផ្ទះស្នាក់នៅ និងសំណង់ផ្សេងៗជាច្រើននៅក្នុងមណ្ឌល ដោយមានជំនួយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងស៊ីវិល និងយោធា ជាពិសេសការយកចិត្តទុកដាក់ផ្ទាល់សំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋាន បម្រើឱ្យសេចក្តីត្រូវការ និងជីវភាពរស់នៅរបស់អ៊ុំ ពូ មីង បង ប្អូន យោធិនពិការ និងក្រុមគ្រួសារបានល្អប្រសើរ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមិទ្ធផលទាំងនេះស្តែងឱ្យឃើញអំពីការប្តេជ្ញាចិត្តរួម និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវក្នុងការជួយឧបត្ថម្ភគាំពារដល់អ៊ុំ ពូង មីង បងប្អូនយោធិនពិការ និងក្រុមគ្រួសារ ដើម្បីកែលម្អជីវភាពរបស់ពួកគាត់ឱ្យបានល្អប្រសើរ សំដៅធានាបាននូវភាពសុខដុមរមនា និងការអភិវឌ្ឍរបស់សង្គមជាតិ ជាពិសេសដើម្បីសម្តែងនូវការដឹងគុណ និងការតបគុណចំពោះពលិកម្ម និងគុណបំណាច់ ដ៏ធំធេងរបស់អ៊ុំ ពូ មីង បងប្អូនយោធិនពិការ ដែលមានចំពោះជាតិមាតុភូមិ៕