(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង នៅថ្ងៃទី១២​​ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំសហការី បង្កើតព្រឹត្តិការណ៍រត់សប្បាយៗ ដើម្បីអបអរសាទរសង្ក្រាន្ត ឆ្នាំថ្មី និងអបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Game ) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Game) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក សាយ គឹមឡម បានបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដោយកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះក្នុងពេលឆាប់ខាងមុខនេះ ហើយព្រឹត្តិកាណ៍រត់សប្បាយៗនេះ គឺដើម្បីអបរសាទរព្រឹត្តិកាណ៍ទាំងពីរ ព្រោះកម្មវិធីនេះ អាចកើតមានទៅបានក៏ដោយសារស្រុកទេសយើង មានសុខសន្តិភាពពេញបរិបូរក្រោមការដឹកនាំដ៏ឆ្លៀសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានលើកឡើងថា ការបង្កើតព្រឹត្តិការណ៍រត់សប្បាយៗ ក្នុងគោលបំណងបង្កើនសាមគ្គីភាព មិត្តភាព សុខភាពផ្តល់ភាពសប្បាយរីករាយដល់យុវជន និងប្រជាពលរដ្ឋ និងអាចចាត់ទុកបានថា វិស័យអប់រំកាយ និងកីឡាដែលបាននិងកំពុងដើរតួរនាទីសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គម ដូចពាក្យថា «កីឡាសាងមនុស្ស មនុស្សសាងសង្គម» ហើយនេះគឺជាសមាសភាគមួយ នៃវិស័យអប់រំ ដែលជាមធ្យោបាយហាត់ពត់រាងកាយ និងបញ្ញាស្មារតីរបស់មនុស្ស ឲ្យមានការលូតលាស់ល្អមានកម្លាំងមាំមួន និងកាត់បន្ថយភាពអសកម្មផ្សេងៗ សំដៅលើកកម្ពស់វិស័យកីឡានៅក្នុងតំបន់ ឲ្យកាន់តែមានភាពលេចធ្លោ ពីព្រោះកីឡានាំមកនូវសុខភាព សាមគ្គីមិត្តភាព និងសន្តិភាព។

ជាមួយនេះផងដែរ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់គណៈកម្មការ និងអត្តពលិកគ្រប់រូបដែលបានអញ្ជើញមកពីអង្គភាពជុំវិញស្រុក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ ឯកជន NGO កងកម្លាំងទាំងបី ម្ចាស់គម្រោងអភិវឌ្ឍន៍នានា មហាជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មន្ត្រីរាជការដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ថវិកា មកចូលរួមដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅបានយ៉ាងរលូនស្និទ្ធស្នាលកក់ក្តៅ និងសប្បាយរីករាយបំផុត តាមការគ្រោងទុក។

លោក សាយ គឹមឡម បានអំពាំវនាវដល់មហាជន និងយុវជនឲ្យចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាពកិច្ចការមនុស្សធម៌ចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមការពារសុខសន្តិភាព ជាមួយរាជរដ្ឋាភិបាលឲ្យមានការរីកចម្រើន និងសូមជូនពរមានសិរីសួស្តី ក្នុងឆ្នាំថ្មីទាំងអស់គ្នា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍រត់សប្បាយៗនេះ មានចំងាយ៤,៥០០ម៉ែត្រ ចាប់ពីច្រមុះជ្រូកភូមិមឈាយ ឃុំសំព្រោជ ដល់សាលាស្រុកស្ទោង ភូមិសាមក្អោក ឃុំទ្រា និងមានអត្តពលិកចូលរួមសរុបចំនួន៤៣០នាក់ ស្រី១៥៨នាក់ ហើយគ្រប់អត្តពលិកទាំងអស់ ដែលបានមកដល់ទីបញ្ចប់ ទទួលបាននូវ អាវយឺត និងមេដាយកិត្តិយសម្នាក់មួយផងដែរ៕