(ព្រះវិហារ)៖ លោក ជ្រា សុចិន្តា និងលោក ស៊ិន ប៊ុល រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី តំណាងលោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំអំណោយចែកជូន នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ-ឡាវ សមូរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ដែលនឹងចូលមកដល់ក្នុងពេលដ៍ខ្លីខាងមុខនេះ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងនៅការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលា ចុះសួរសុខទុក្ខ និងនាំអំណោយមកចែកជូនកងទ័ពនាពេលនេះ។

លោកថ្លែងទៀតថា «កងពលធំអន្តរាគមន៍លេខ៣ ត្រូវបានចងសម្ព័ន្ធមេត្រីភាព ជាមួយទីស្តីការគណៈរដ្ឋមន្ត្រី កាលពីឆ្នាំ២០១០ តាមការផ្គូរផ្គងដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា» ប៉ុន្តែត្រូវអាក់ខានដំណើរការចុះសួរសុខទុក្ខមួយរយៈ ក្រោយសម្តេចវិបុលបញ្ញា សុខ អាន បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងទៀតថា អគារទាំងអស់នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ត្រូវបានក្រុមការងារទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចវិបុលបញ្ញា សុខ អាន ទទួលសាងសង់ទាំងអស់ ចាប់តាំងពីចុងឆ្នាំ២០០៨ ហើយមកដល់ពេលនេះអគារទាំងនោះ ត្រូវបានរងការខូចខាត ប្រេះស្រាំ យ៉ាងធ្ង់ធ្ងរ។ តាមរយៈប្រតិភូទីស្តីការគណៈរដ្ឋមន្ត្រី ដែលអញ្ជើញមកក្នុងថ្ងៃនេះ លោកមេបញ្ជាការកងពល បានគោរពស្មើសុំលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន មេត្តាផ្តល់សម្ភារ ថវិកា សម្រាប់ជួសជុលអគារទាំងនោះឡើងវិញ តាមលទ្ធភាពជាក់ស្តែង។

ដោយឡែកលោក ជ្រា សុចិន្តា បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាបាននិងកំពុងបន្តអភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស័យក្នុងនោះវិស័យការពារជាតិ ក៏មានភាពរឹងមាំផងដែរ។ ក្នុងនាមទីស្តីការគណៈរដ្ឋមន្ត្រី លោកសូមកោតសរសើរអស់ពីដួងចិត្តចំពោះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្នុងកិច្ចខិតខំប្រឹងប្រែង និងរួមចំណែកដ៍ធំធេងចំពោះកងទ័ព ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ជាពិសេសកងពលធំអន្តរាគមន៍លេខ៣។

លោករដ្ឋលេខាធិការ បានថ្លែងពាំនាំនូវសេចក្តីនឹករលឹក និងគោរពដឹងគុណអស់ពីដួងចិត្តពីសំណាក់លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលជានិច្ចជាកាល លោកតែងតែយកចិត្តទុកដាក់ គិតគូរ ពីសុខទុក្ខកងទ័ពរបស់យើងតាមរយៈការផ្តល់នូវសម្ភារ គ្រឿងឧបភោគ បរិភោគ ចែកជូនដល់ដៃបងប្អូនកងទ័ពជាទីគោរពស្រឡាញ់ ជារៀងរាល់ឆ្នាំ។

ក្នុងនាមទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការផ្ទាល់របស់នាយករដ្ឋមន្ត្រី លោកសូមគោរពដឹងគុណមិនអាចបំភ្លេចបាន នូវការលះបង់ប្រឹងប្រែង និងការដឹកនាំដ៍ឈ្លាសវៃបំផុតរបស់ «សម្តេចតេជោ ដែលក្នុងប្រវត្តិសាស្ត្ររបស់យើងគ្មានពីរ ដែលបាននាំមកនូវការអភិវឌ្ឍគ្រប់វិស័យទាំងអស់ ជាពិសេសសម្តេចបាននាំមកនូវសុខសន្តិភាពពេញលេញជូនជាតិនិងមាតុភូមិ»

លោក ជ្រា សុចិន្តា បានថ្លែងទៀតថា តាមរយៈសំណូមពរលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក, ពេលត្រឡប់ទៅវិញ លោកនឹងរាយការណ៍ជូនលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ឱ្យបានជ្រាប។

លោករដ្ឋលេខាធិការក៏បានថ្លែងលើកឡើងជម្រាបជូននាយ និងពលទាហាន ពីព្រឹត្តិការធំៗពីរ ដែលនឹងកើតឡើងក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច រួមមាន៖

*ទី១៖ ព្រឹត្តិការណ៍ស៊ីហ្គេម ដែលយើងខកខាន៦៤ឆ្នាំមកហើយ
*ទី២៖ ព្រឹត្តិការណ៍រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នាខែកក្កដាខាងមុខនេះ ដែលព្រឹត្តិការណ៍ដ៍ធំអស្សច្ចារ្យទាំងពីរនេះ គឺបានមកដោយប្រទេសយើងមានសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះលោក ជ្រា សុចិន្តា បានថ្លែងអំពាវនាវដល់នាយ និងពលទាហានទាំងអស់ ត្រូវចូលរួមការពារសុខសន្តិភាព ស្ថិរភាព ជូនជាតិមាតុភូមិ ឱ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិយើងកាន់តែ អភិវឌ្ឍរីកចំរើនគ្រប់ វិស័យថែមទៀត។

សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគ បរិភោគ ដែលទីស្តីការណគៈរដ្ឋមន្ត្រីនាំមកចែកជូន នាយនិងពលទាហាននាពេលនេះ រួមមាន៖ មីជាតិចំនួន១០០០កេស ត្រីខចំនួន៥០កេសធំ ឆៃប៉ូវផ្អែមចំនួន ៥០០គីឡូក្រាម ទឹកត្រីចំនួន២០០យួរ ទឹកក្រូចចម្រុះចំនួន១០០កេស និងទឹកសីវអ៊ីវចំនួន២០០យួរផងដែរ៕