(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧។

ពិធីនេះធ្វើឡើងក្រោមវត្តមានលោក ញ៉ឹក បានខេង អភិបាលរងខេត្ត និងតំណាង លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត តំណាងកងកម្លាំងទាំង៣ ព្រមទាំងមន្ត្រីរាជការរដ្ឋបាលសាលាខេត្ត អាចារ្យគណៈកម្មការ និងអ្នករៀបចំពិធីចូលរួម ស្ថិតនៅលោកតាអី (ជាប់ផ្ទះមុខងារ) និងលោកតាក្រហម «ក»

ក្នុងនាមតំណាងឱ្យរដ្ឋបាលខេត្តកំពង់ធំ លោក ញ៉ឹក បានខេង សូមឧទ្ទិស និងបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោកសូមជួយថែរក្សា និងប្រោសព្រំដល់បុគ្គលិក និងក្រុមការងារមន្ត្រីរាជការនៅក្នុងខេត្តកំពង់ធំទាំងមូល ទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនរកស៊ីមានបានត្រជាក់ត្រជុំ និងចៀសផុតពីឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ និងទទួលបានលាភសំណាងគ្រប់ៗគ្រួសារទាំងអស់ នៅក្នុងឆ្នាំថ្មីនេះ។

លោកជឿជាក់ថា នៅក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីនេះប្រជាជនទាំងមូលនៅក្នុងខេត្តកំពង់ធំ ពិតជាសប្បាយរីករាយខុសប្លែកពីឆ្នាំមុនៗព្រោះរដ្ឋបាលខេត្តកំពង់ធំ បានទៀតចំសង្ក្រាន្តដាំថ្មី នៅក្រុងស្ទឹងសែន ប្រកបដោយភាពអធិកអធម្ម និងរីករាយក្រៃលែង ដូច្នេះ ហើយក្នុងពិធីបួងសួងសុំសេចក្តីសុខសុខចម្រើនថ្ងៃនេះ សូមលោកតាអីព្រមទាំងលោកតាក្រហម «ក» សូមជួយបីបាច់ថែរក្សាឱ្យពរជូនដល់កូនចៅដែលជាមន្ត្រីរាជការ ប្រជាជនកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមទទួលបាននូវសេចកសុខគ្រប់ក្រុមគ្រួសារពិសេសចៀសឱ្យផុតពីជំងឺដង្កាត់ផ្សេងៗ ព្រមទាំងរស់នៅប្រកបដោយសុខដុមរមនា៕