(តាកែវ)៖ កម្លាំងនគរបាលទូទាំងស្រុកបាទី ខេត្តតាកែវ បានត្រៀមខ្លួនរួចជាស្រេច ត្រៀមការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន នៅតាមទីវត្តអារាម រមណីយដ្ឋាន កន្លែងកម្សាន្តនានា ដើម្បីអាចឲ្យបងប្អូនប្រជាពលរដ្ឋ អាមធ្វើបុណ្យទាន និងកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាក់ថា អនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា គឺតម្រូវឲ្យកងកម្លាំងនគរបាលត្រូវការពារឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម សម្រួលការធ្វើចរាចរណ៍តាមដងផ្លូវ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងធ្វើបុណ្យទានតាមប្រពៃណីជាតិ ដោយគ្មានការព្រួយបារម្ភ។

លោកបន្តថា កម្លាំងនគរបាលស្រុកបាទី បេជ្ញាគោរពទទួលនូវបទបញ្ជារបស់លោកស្នងការខេត្ត ដោយអនុវត្តន៍ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ ត្រូវចូលមកដល់នៅថ្ងៃសុក្រ ៩រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០២៣ វេលាម៉ោង១៦៖០០នាទីរសៀល។ ពិធីបុណ្យដ៏ធំរបស់ជាតិខ្មែរនេះ ត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣។

ទេវតាឆ្នាំថ្មីនេះ ព្រះនាម «កិមិរាទេវី» ជារាជបុត្រីទី៦ នៃកបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌សត (ស) លម្អនៅព្រះកាណ៌ ដោយសៀតផ្កា «ចង្កុលណី» អភរណៈ «បុស្សរាគ័ម» ភក្សាហារទ្រង់ «ចេកណាំវ៉ា» ព្រះហស្តស្តាំទ្រង់ «ព្រះច័ន្ទ» ព្រហស្តឆ្វេងទ្រង់ «ពិណ» ទ្រង់គង់អង្គុតពាក់ឆៀងបើកព្រះនេត្រនៅលើខ្នង «មហឹង្សា» (ក្របី) ជាយានពាហនៈ៕