(ស្ទឹងត្រែង)៖ គណៈប្រតិភូខេត្តយ៉ាឡាយ សាធារណរដ្ឋសង្គមវៀតណាម ដឹកនាំដោយលោក ចូវ ង៉ុកទ័ន អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តយ៉ាឡាយ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសម្តែងការគួរសម និងជូនពរថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូខេត្តយ៉ាឡាយ សាធារណរដ្ឋសង្គមវៀតណាម ដែលបានអញ្ជើញចូលជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរក្នុងឱឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោកអភិបាលខេត្តបានចាត់ទុក្ខថាការចូលសំណេះសំណាល សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរពីសំណាក់គណៈប្រតិភូខេត្តយ៉ាឡាយបានបង្ហាញពីទំនាក់ទំនងល្អ មានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងខេត្តយ៉ាឡាយប្រទេសវៀតណាម និងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។

លោកអភិបាលខេត្តបានបន្តថា កម្ពុជា-វៀតណាម មានទំនាក់ទំនងល្អជាប្រពៃណី ហើយកាយវិការនៃការអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនេះ ខេត្តទាំងពីរ និងប្រទេសទាំងពីរតែងតែជូនពរគ្នាទៅវិញទៅមក។ កាយវិការដ៏ល្អប្រពៃនេះ និងបង្ហាញបន្តដល់កូនចៅជំនាន់ក្រោយឱ្យបន្តនូវប្រពៃណីដ៏ល្អនេះ ដើម្បីឱ្យចំណងមិត្តភាពរវាងកម្ពុជា-កាន់តែរឹងមាំ។

អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តយ៉ាឡាយ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ពិសេសលោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តដែលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណប្រតិភូខេត្តយ៉ាឡាយនាពេលនេះ។

លោកបានបន្តថា កម្ពុជា-វៀតណាម ជាមិត្តដ៏ល្អជាមានទំនាក់ទំនងល្អលើគ្រប់វិស័យ ជាពិសេសមានទំនាក់ទំនងជាប្រវត្តិសាស្ត្រក្នុងការសាមគ្គីភាពគ្នាប្រយុទ្ធជាមួយសត្រូវរួមនៅក្នុងសម័យសង្គ្រាម។ លោកសូមឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការ និងចំណងមិត្តភាពរបស់ខេត្តទាំងពីរកាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាពសុខសាន្ត និងការរីកចម្រើនជីវភាពរស់នៅរបស់ប្រជាជន។

លោក ចូវ ង៉ុកទ័ន បានកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដែលបានធ្វើឲ្យខេត្តមានការអភិវឌ្ឍន៍ រីកចម្រើន ព្រមទាំងផ្លាស់ប្តូរមុខមាត់ទាំងស្រុង។

គួបញ្ជាក់ផងដែរ បន្ទាប់ពីជួបសំណេះសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី គណៈប្រតិភូខេត្តយ៉ាឡាយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូខេត្តស្ទឹងត្រែង បានជូនការដូអនុស្សាវរីយ៍ឱ្យគ្នាទៅវិញទៅមក ដើម្បីបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តការណ៍ដ៏ល្អប្រសើររវាងខេត្តទាំងពីផងដែរ៕