(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល ព្រមទាំងគណៈប្រតិភូអមដំណើរ បាននាំយកអំណោយសប្បុរសធម៌ជាថវិកាចំនួន ១០០,០០០,០០០រៀល បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ គឺដើម្បីជូនមន្ទីរពេទ្យអាចធ្វើការចាត់ចែង និងទ្រទ្រង់ដំណើរនៅក្នុងមន្ទីរទេព្យ និងជាការរួមចំណែកមួយក្នុងសកម្មភាពសង្គមក្នុងន័យរួមជួយដល់កុមារកម្ពុជា។

ការចូលរួមបរិច្ចាគថវិកាពីសំណាក់សប្បុរសជននានា ដែលដឹកនាំដោយលោក ហុក វ៉ាន់ធីណា នេះគឺដើម្បីចូលរួមអបអរសាទរដល់ការបង្កើតឡើងនូវមូលនិធិគន្ធបុប្ផាកម្ពុជាគំរប់ខួប៥ឆ្នាំ ក្រោមគំនិតផ្ដួចផ្ដើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ថវិកានេះជាចំណែកមួយផ្នែកដែលសល់បន្ទាប់ពីការចាត់ចែងពីឧបត្ថម្ភដល់កងទ័ពនៅបញ្ជាការដ្ឋានភូមិភាគ៤, កងទ័ពនៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ និងមន្ទីរពេទ្យគន្ធបុប្ផាអង្គរ (សៀមរាប) កន្លងមក។

សូមបញ្ជាក់ថា ថវិកានេះបានមកពីការចូលរួមដោយស្ម័គ្រចិត្តរបស់សប្បុរសជននានា (ដូចមានភ្ជាប់ក្នុងបញ្ជីរាយនាមសប្បុរសជនចំនួន ៥២រូប)៕