(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញ រួមជាមួយមន្ត្រីរាជការ, អាជ្ញាធរដែនដី ក្រោមឧិវាទសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បាននិមន្តព្រះសង្ឃចំនួន៤៥អង្គ បង្សុកូលរាប់ បាត្រដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ័បុព្វបុរស និងប្រជាជន ស្លូតត្រង់ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ័ជនរងគ្រោះ ដែលខ្មែរក្រហមយកចេញពីគុកទួលស្លែងទៅសម្លាប់នៅជើងឯកនេះ សូមវិញ្ញាណក្ខន្ធ័ជនរងគ្រោះទាំងជិតមួយម៉ឺននាក់បានទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយនាឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថោះនេះ។

គណៈអធិបតី មន្ត្រីបក្ស និងប្រជាពលរដ្ឋ ដែលចូលរួមបានដាក់កំរងផ្កាដោយសំរួមកាយវាចារចិត្ត នៅចំពោះមុខស្តូបតំកល់អដ្ឋិធាតុជនរងគ្រោះចំនួន ៨៩៨៥នាក់ ដែលត្រូវបានគេគាស់ចេញពីរណ្តៅសពរួមចំនួន ៨៦រណ្តៅដែលពួកឃាតករអាវខ្មៅយកមកសម្លាប់នៅជើងឯកនេះ។

គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តែងបានប្រារព្វពិធីតាមសាសនា ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ័ជនរងគ្រោះ ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត បានកាប់សម្លាប់ដែលការឧទ្ទិសនេះ តែងបានធ្វើឡើង នៅក្នុងថ្ងៃទី២០ ឧសភា, ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏ដូចពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងដែរ។

កូនខ្មែរគ្រប់រូប ពិតជាមិនអាចបំភ្លេចបាន នូវទុក្ខវេទនាមិនស្មើនឹងសត្វ ព្រមទាំងការ បង្អត់អាហារ, បង្ខំឲ្យធ្វើពលកម្មដូចសត្វធាតុ និងកាប់សម្លាប់ប្រជាជនស្លូតត្រង់ ខ្លួនឯង អស់ជាង ៣លាននាក់ ហើយខិតខំទប់ស្កាត់កុំឲ្យរបបប្រល័យពូជសាសន៍ កើតមានជាលើកទី២ លើទឹកដីអង្គរដ៏បវរនៃយើង ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងកុំឲ្យស្រមោលខ្មៅ នៃអតិតៈកាលនៃរបបប្រល័យពូជសាសន៍នេះ កើតមានជាថ្មី ចំពោះមនុស្សជាតិគ្រប់ទីកន្លែង៕